v9

រឿង សោភ័ណ្ឌ ហាក់មិនសូវរំពឹងខ្ពស់ ចំពោះការដណ្តើមប្រាក់លាន នៅ CNC ថ្ងៃសៅរ៍នេះ

4 months ago​ | ដោយ V-Dara

អ្នកលេងកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ និងកីឡាករ ឡុង សុវណ្ណឌឿន នឹងត្រូវដាក់ឲ្យប្រកួតដណ្តើមប្រាក់លាន ក្នុងទម្ងន់៦៩គីឡូក្រាម ជាមួយអ្នកប្រដាល់របស់ថៃ Namkhakboun និង Payakarun នៅលើសង្វៀន CNC នាល្ងាចថ្ងៃសៅរ៍នេះ។
កីឡាករកម្ពុជាទាំង២នាក់នេះ នឹងត្រូវចាប់ឆ្នោតរកគូប្រកួតជាមួយអ្នកប្រដាល់របស់ថៃទាំង២ ដោយគេតម្រូវឲ្យកម្ពុជា ត្រូវជួបថៃ ហើយអ្នកឈ្នះ ក្នុងការប្រកួតវគ្គជម្រុះត្រឹម៣ទឹក នឹងត្រូវឡើងទៅប្រកួតគ្នុង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងថ្ងៃសៅរ៍ ជាមួយគ្នានោះតែម្តង ដើម្បីស្វែងរក អ្នកឈ្នះប្រាក់លាន ចំនួន៤លានរៀល។

គិតមកដល់ពេលនេះ រឿង សោភ័ណ្ឌ ធ្លាប់បានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀន CNC នេះ២លើកមកហើយ គឺនៅចុងឆ្នាំ២០១៧ម្តង និងនៅដើមឆ្នាំ២០១៨នេះ ម្តងទៀត។ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ រឿង សោភ័ណ្ឌ ហាក់មិនហ៊ានសង្ឃឹមខ្ពស់ប៉ុន្មានឡើយ ក្នុងការដណ្តើមបានប្រាក់លាន ជាលើកទី៣នេះ។

រឿង សោភ័ណ្ឌ បាននិយាយថា៖ «ខ្ញុំធ្លាប់បានឈ្នះប្រាក់លាន នៅសង្វៀន CNC នេះ២លើកមកហើយ ប៉ុន្តែការប្រកួតលើកនេះ ខ្ញុំមានសង្ឃឹមត្រឹម៦០ភាគរយទេ ព្រោះខ្ញុំប្រកួតញឹកពេក ធ្វើឲ្យកម្លាំងរបស់ខ្ញុំរាងធ្លាក់ជាងមុន។ ចំណែកការហ្វឹកហាត់របស់ខ្ញុំ ក៏មិនសូវបានដិតដាល់ប៉ុន្មានដែរ»។

យ៉ាងណាក៏ដោយ នៅពេលសួរបញ្ជាក់ថា រវាងកីឡាករថៃទាំង២នាក់ តើ រឿង សោភ័ណ្ឌ ឯង ចង់ជួបអ្នកណា នៅវគ្គជម្រុះនោះ? រឿង សោភ័ណ្ឌ បានឆ្លើយដោយគ្មានការស្ទាក់ស្ទើថា៖«សម្រាប់ខ្ញុំ ចាប់ឆ្នោតជួបអ្នកណាក៏បានដែរ គឺអ្នកណាក៏ខ្ញុំវ៉ៃបានទាំងអស់ អត់ពិបាកទេ»។

ចំពោះសមាសភាពកីឡាករថៃទាំង២នេះ កីឡាករមានកម្ពស់១,៦៨ម៉ែត្រ Payakarun មិនធ្លាប់មកប្រកួតនៅកម្ពុជាទេ ប៉ុន្តែថៃម្នាក់នេះ ធ្លាប់ប្រកួតបាន១០៨ដង ឈ្នះ៧៩ ចាញ់២៤ និងស្មើ៥ដង ប៉ុន្តែ Namkhakboun ធ្លាប់មកប្រកួតនៅសង្វៀន CNC ញឹកញ៉ាប់ហើយ ហើយគេក៏ធ្លាប់ត្រូវបាន រឿង សោភ័ណ្ឌ វ៉ៃឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ផងដែរ។

យ៉ាងណាក៏ដោយ កីឡាករវ័យ២៣ឆ្នាំ មានកម្ពស់១,៧០ម៉ែត្រ Namkhakboun ក៏ធ្លាប់បានយកឈ្នះកីឡាករជើងខ្លាំងរបស់កម្ពុជា មួយចំនួនផងដែរ គឺក្នុងប្រវត្តិបប្រកួត១០៣ដង ឈ្នះ៧៥ ចាញ់២៥ និងស្មើ៣ដង Namkhakboun ធ្លាប់បានឈ្នះ១ និងចាញ់១ជាមួយ ឡុង សុវណ្ណឌឿន ហើយគេធ្លាប់ឈ្នះ សរ រាជសីហ៍ ២ដង ព្រមទាំងឈ្នះ ផុន ផាន់ណា និង មឿន សុខហ៊ុច ផងដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.