v9

Willian៖ Chelsea ត្រូវតែលេងអោយល្អបំផុត ដើម្បីបំផ្លាញក្តីសុបិន្ត Barcelona យប់នេះ

6 months ago​ | ដោយ Jerry Jr

ខ្សែបម្រើ Willian បានអោយដឹងថា៖ មិត្តរួមក្រុម Chelsea ត្រូវតែលេងអោយអស់ពីសមត្ថភាព និងល្អបំផុត​ប្រសិន​ជាពួកគេចង់ទម្លាក់ក្រុមជើងខ្លាំង ម្ចាស់ពានរង្វាន់ Champion League ៥សម័យគឺ Barcelona ចេញ​ពីវគ្គ ១៦ក្រុមចុងក្រោយជើងទី២នារាត្រីនេះនៅទឹកដីអេស្បាញ។

ខ្សែបម្រើ-ប្រយុទ្ធស្លាប ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់ នាំមុខអោយ​ក្រុម​ម្ចាស់ផ្ទះកាលពីការប្រកួតជើងទី១ ប៉ុន្តែត្រូវបានកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ​វាយ​បក​តាម​ស្មើ​វិញ​សម្រាប់ការប្រកួតនោះ។

Willian បានថ្លែងប្រាប់សារពត៌មាននៅកីឡាដ្ឋាន ​Camp Nou ថា៖ “វា​ជា​ការប្រកួតដ៏ពិបាកមួយនៅថ្ងៃស្អែកនេះ តែយើងជឿថាក្រុមម្ចាស់ផ្ទះ Barcelona និងលេងអស់​ពី​សមត្ថភាព ប៉ុន្តែយើងក៏ត្រូវបញ្ចេញនៅជំនាញ ដែលយើងមានដើម្បីតបតវិញដូចគ្នាដែរ។ ខ្ញុំបាន​មើលការ​ប្រកួត​​កាល​ពីឆ្នាំ​២០១២ ប៉ុន្តែវាជារឿងអតីតដែលកន្លងហួសទៅហើយ ថ្ងៃស្អែក និងយប់នេះគឺជាប្រវត្តិសាស្រ្ត​ថ្មី​សម្រាប់​យើង យើងគឺធ្វើអ្វីដែលល្អបំផុតតាមដែលអាចធ្វើទៅបានដើម្បីជ័យជំនះ”

ក្រុម Chelsea ធ្លាប់ទម្លាក់ Barcelona ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ក្នុង​លទ្ធផល ២:២ នៅកីឡាដ្ឋាន Camp Nou ដែលសរុបលទ្ធផលទាំងពីរជើងគឺ ៣:២ កាលពីឆ្នាំ២០១២ ខណៈក្រុមបានលើកពាននៅរដូវកាល​នោះ​ផង​ដែរ ក្រោយទម្លាក់ជើងខ្លាំង Bayern Munich របស់អាឡឺម៉ង់ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ៕

ប្រែសម្រួលដោយ៖ Polin
ប្រភព៖ sport-english

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.