v9

Dzeko រកបានគ្រាប់បាល់ ដើម្បីជួយឲ្យ Roma ទៅវគ្គ៨ក្រុមនៃ Champions League

9 months ago​ | ដោយ V-Dara

Roma បានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកទី១ ក្នុងរយៈពេល ១០ឆ្នាំ ខណៈដែលខ្សែប្រយុទ្ធ Edin Dzeko បានជួយឲ្យក្រុមរបស់ខ្លួនយកឈ្នះលើក្រុម Shakhtar Donetsk ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃអង្គារ និងបានជួយឲ្យក្រុមអ៊ីតាលីមួយនេះ ឈ្នះការប្រកួតវគ្គ១៦ក្រុមចុងក្រោយនេះ ដោយសារតែគ្រាប់បាល់ក្រៅដី។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៥២របស់ខ្សែប្រយុទ្ធអន្តរជាតិបូស្នីរូបនេះ គ្រប់គ្រាន់ក្នុងការជួយឲ្យ Roma ទៅវគ្គបន្ត ក្រោយពីចាញ់ក្នុងការប្រកួតជើងទី១ក្នុងលទ្ធផល ២-១ នៅលើទឹកដីអ៊ុយក្រែន ខណៈដែលក្រុមនៅសល់សមាជិកត្រឹមតែ ១០នាក់ Shakhtar មិនអាចរកគ្រាប់បាល់តាមស្មើវិញដែលពួកគេត្រូវការ ក្រោយពីកីឡាករ Ivan Ordets ត្រូវបានពិន័យកាតក្រហម។ គ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Cengiz Under ក្នុងការប្រកួតជើងទី១ កាលពីខែមុន បានបង្ហាញថា ជាគ្រាប់បាល់ដ៏សំខាន់សម្រាប់ Roma ប៉ុន្តែ Dzeko បានក្លាយជាវីរបុរសកាលពីរាត្រីថ្ងៃអង្គារ ហើយក៏បានក្លាយជាដើមហេតុដែលនាំឲ្យខ្សែការពារ Ordets របស់ Shakhtar រងនូវការពិន័យកាតក្រហមផងដែរ។

ក្រុមរបស់លោក Eusebio Di Francesco គឺជាក្រុមអ៊ីតាលីទី២ ក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុម Juventus ខណៈដែលការចាប់ឆ្នោតនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃសុក្រ។ Dzeko បានឲ្យដឹងថា៖ «ការកោតសរសើរមិនមែនសម្រាប់ខ្ញុំឡើយ ប៉ុន្តែ សម្រាប់គ្រប់គ្នា យើងពិតជាស័ក្តិសមក្នុងការទៅវគ្គ៨ក្រុមចុងក្រោយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.