v9

លោក Conte៖ ខ្សែប្រយុទ្ធរបស់ Chelsea ត្រូវតែត្រៀមឈឺចាប់ពេលប៉ះ Barcelona រាត្រីនេះ

3 months ago​ | ដោយ V-Dara

លោក Antonio Conte បានប្រាប់កីឡាករក្នុងតំបន់ប្រយុទ្ធរបស់លោកឲ្យត្រៀមទទួលការឈឺចាប់ នៅពេលដែលក្រុម Chelsea ធ្វើដំណើរទៅកាន់ទឹកដីក្រុម Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

ក្រុម Chelsea ត្រូវតែរកឲ្យបានគ្រាប់បាល់ស៊ុតបញ្ចូលទីនាកីឡដ្ឋាន Camp Nou ដើម្បីឈានទៅវគ្គបន្ត ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងទីក្រុងឡុងដ៍ នាការប្រកួតជើងទី១ កាលពីខែមុន។ ខ្សែបម្រើប្រយុទ្ធ Eden Hazard ត្រូវបានដាក់ឲ្យលេងក្នុងតំបន់ប្រយុទ្ធ ក្នុងការប្រកួតនោះ ប៉ុន្តែ ក្រោយមកបានធ្វើការត្អូញត្អែអំពីតួនាទីនោះ ក្រោយពីការរងបរាជ័យទាំងប្រផិតប្រផើយនៅលើទឹកដីក្រុម Manchester City។

លោក Conte អាចនឹងធ្វើការកោះហៅតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ ឲ្យលេងក្នុងតួនាទីនោះដដែលនៅរាត្រីនេះ ឬក៏ជ្រើសរើសយកការប្រើប្រាស់ Olivier Giroud ឬ Alvaro Morata ជាខ្សែប្រយុទ្ធជាក់លាក់។ លោក Conte បានប្រាប់ទូរទស្សសន៍ Chelsea TV ថា៖ «វាពិតជាសំខាន់ណាស់ក្នុងការយល់ថា យើងត្រូវតែត្រៀមទទួលការឈឺចាប់ ប្រសិនបើយើងដាក់ឲ្យ Hazard លេងក្នុងតំបន់ប្រយុទ្ធ។ ឬប្រសិនបើយើងដាក់ឲ្យ Giroud ឬ Morata លេងក្នុងតំបន់ប្រយុទ្ធ ហើយ Hazard លេងក្នុងតំបន់បម្រើ»។ លោក Conte បានបញ្ជាក់ថា លោកនឹងធ្វើការពិភាក្សាជាមួយនឹងកីឡាកររបស់លោកជុំវិញបច្ចេកទេសលេងផ្សេងៗ និងសង្ឃឹមថា អាចបង្ហាញពីទម្រង់លេងដូចនៅកីឡដ្ឋាន Stamford Bridge បើទោះបីមិនអាចរកគ្រាប់បាល់លើក្រុម Barcelona ក៏ដោយ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងត្រូវតែលេងឲ្យបានល្អដូចពេលដែលយើងបានលេងនៅកីឡដ្ឋាន Stamford Bridge និងព្យាយាមស្វែងរកឱកាសក្នុងការរកគ្រាប់បាល់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ ​Cambosport
ប្រភព៖ ESPN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77