v9

NPCC ប្រើការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី២ ឆ្នាំ២០១៨នេះ ដើម្បីជ្រើសរើសជនពិការ ចូលជម្រើសជាតិ

2 months ago​ | ដោយ V-Dara

គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា ហៅកាត់ថា NPCC បានចាត់ទុកការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី២ ឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីជ្រើសរើសអត្តពលិកជនពិការ លើជំនាញផ្នែកកីឡាអត្តពលកម្ម ចូលក្នុងក្រុមជម្រើសជាតិជនពិការ ក្នុងមួយឆ្នាំៗ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា បានថ្លែងថា៖ «តាមរយៈការប្រកួតនេះ យើងអាចរកបានអត្តពលិកឆ្នើម សម្រាប់ចូលជាក្រុមជម្រើសជាតិ ក្នុង១ឆ្នាំៗ ព្រោះពី១ឆ្នាំទៅ១ឆ្នាំ កីឡាករថ្មី ចេះតែមានការកើនឡើង។ ជាក់ស្តែងការប្រកួតនេះ មានកីឡាករចំណូលថ្មី បានចូលរួមជាង៣០ភាគរយ ដែលយើងត្រូវកសាង ត្រៀមទុកសម្រាប់ចូលជម្រើសជាតិ និងទៅចូលរួមខ្នាតអន្តរជាតិផ្សេងៗទៀត»។

តាមរយៈការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី២ ឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើង ដោយ NPCC ក្រោមការសហការពីក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Hearts Of Gold របស់ជប៉ុននោះ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ គឺមានអត្តពលិកចំនួន ៣៦នាក់ បានចូលរួម ក្នុងនោះមានកីឡាករចំណូលថ្មី ជាយុវជនចំនួន ១២នាក់។

អ្នកទាំងនេះ ត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន២៩ ទៅតាមពិការភាពរបស់ពួកគេ ហើយជាលទ្ធផល កីឡាករ កីឡាការិនីស្ទើរតែអស់ សុទ្ធតែទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតនេះ ទុកជាអនុស្សាវរីយ៍ ក្រោមការបំពាក់របស់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក យី វាសនា បានបន្ថែមថា៖ «នៅឆ្នាំនេះ យើងមានការសម្រិតសម្រាំងរកអ្នកជំនាញទៅតាមប្រភេទមួយឲ្យចូលរួម គឺខុសពីឆ្នាំមុន ដែលយើងធ្វើជាលក្ខណៈបើកទូលាយ និងមានចំនួនអ្នកចូលរួមច្រើនជាងឆ្នាំនេះ។ ការធ្វើបែបនេះ ដើម្បីឲ្យបងប្អូនខិតខំប្រឹងប្រែងទាំងអស់គ្នា និងចូលទៅក្នុងស្តង់ដារ ស្របតាមក្រមសីលធម៌ និយាមរបស់អន្តរជាតិ»។

លោកបានបញ្ជាក់ថា៖ «យើងកំពុងជំរុញឲ្យក្រុមជម្រើសជាតិរបស់យើង ស្របតាមស្តង់ដារអន្តរជាតិ ហេតុនេះក្នុង១ឆ្នាំទៅ១ឆ្នាំ កីឡាករ កីឡាការិនីរបស់យើង ត្រូវតែខិតខំហ្វឹកហាត់ ដើម្បីពង្រឹងគុណភាព សម្រាប់ឆ្ពោះទៅកាន់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77