v9

កីឡាករកម្ពុជាទាំង៤ កំពុងលេងនៅលីកម៉ាឡេស៊ី សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ

3 months ago​ | ដោយ V-Dara

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ ដើម្បីត្រៀមចេញទៅប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិឡាវ និងការប្រកួតជម្រុះលើកចុងក្រោយ នៃពានរង្វាន់ AFC Asian Cup ជាមួយក្រុមម្ចាស់ផ្ទះ អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ។

លោក ប្រាក់ សុវណ្ណារ៉ា ដែលត្រូវសហព័ន្ធតែងតែងជាគ្រូបង្គោលក្រុមជម្រើសជាតិ បានជ្រើសរើសកីឡាករ ២៣នាក់ សម្រាប់ត្រៀមការប្រកួតនេះ ហើយក្នុងបញ្ជីឈ្មោះនោះ ក៏មានវត្តមានខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និងកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលកំពុងប្រាកដអាជីពបាល់ទាត់ នៅលីកកំពូលម៉ាឡេស៊ី ផងដែរ។

ចំណែកខ្សែប្រយុទ្ធ ដែលកំពុងមានភាពលេចធ្លោរខ្លាំង ម៉ាត់ ណូរ៉ុន របស់ក្លិបអគ្គិសនីកម្ពុជា ត្រូវបានជ្រើសរើសឲ្យចូលក្រុមជម្រើសជាតិ ជាលើកដំបូង ជាមួយកីឡាករវ័យក្មេងចំនួន ១០នាក់ទៀត។

យ៉ាងណាក៏ដោយ លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ថា៖ កីឡាករទាំង ២៣នាក់ ដែលត្រូវបានជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា លើកនេះ នឹងមិនត្រូវបានប្រមូលផ្តុំឲ្យហ្វឹកហាត់ជាមួយគ្នាទេ ដោយសារក្លិបមួយៗ កំពុងមានការមមាញឹកខ្លាំង ក្នុងការប្រកួតក្នុងលីក ហើយក្រុមតំណាងឲ្យកម្ពុជា មួយនេះ ក៏មានការប្រកួតមិត្តភាព ក្នុងស្រុកនោះដែរ។

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា៖ «យើងក៏មិនមានការប្រកួតមិត្តភាពក្នុងស្រុកនោះដែរ គឺយើងក្រុមជម្រើសជាតិរបស់យើង នឹងត្រូវធ្វើដំណើរទៅប្រទេសឡាវ នៅថ្ងៃទី១៩ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី២១ ខែមីនា ហើយយើងត្រូវធ្វើដំណើរបន្ត ទៅប្រកួតជាមួយ ក្រុមអាហ្វហ្គានីស្ថាន តែម្តង ដើម្បីឲ្យកីឡាកររបស់យើងសមអាកាសធាតុ នៅទីនោះ មុនការប្រកួតចាប់ផ្តើម»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77