v9

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អ៊ី​តាលី Davide Astori ស្លាប់​ក្នុង​វ័យ​៣១​ឆ្នាំ ដោយ​ជំ​ងឺ​គាំង​បេះ​ដូង

7 months ago​ | ដោយ Jerry Jr

ខ្សែ​ការ​ពារ​អន្តរ​អ៊ី​តាលី Davide Astori បាន​ស្លាប់​​​ក្នុង​បន្ទប់​នៅ​ឯ​សណ្ឋា​គារ​របស់​គេ អំឡុង​ពេល​រាត្រី​ថ្ងៃសៅរ៍ ឈាន​ចូល​ថ្ងៃ​អាទិត្យ​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ Fiorentina របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Serie A បាន​ប្រកាស​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «Fiorentina ពិត​ជា​មាន​ភាព​ស្រឡាំង​កាំង​ណាស់​ក្នុង​ការ​ប្រកាស​ពី​ការ​ស្លាប់​របស់​ប្រធានក្រុម Davide Astori ក្រោយពី​មាន​ជំ​ងឺ​ភ្លាម​ៗ»​។

កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ដែល​បាន​លា​ចាក​ចោល​កូន​ស្រី​វ័យ​២​ឆ្នាំ​របស់​ខ្លួន​នោះ កំពុង​តែ​ស្ថិតក្នុង​ទីក្រុង Udine ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យនេះ ជា​មួយ​នឹងក្រុម Udinese​។ លោក Antonio de Nicolo មន្ត្រី​ច្បាប់​ម្នាក់​ក្នុង​ទីក្រុង Udine ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​ពេល​និយាយ​ដោយ​បណ្តាញ​សារ​ព័ត៌​មាន​អ៊ី​តាលី​ថា៖ « Astori បាន​ស្លាប់​ដោយ​ហេតុ​ផល​ធម្ម​ជាតិ ក្រោយពី​ដួល​ដោយ​សារ​តែ​ជំ​ងឺ​គាំង​បេះ​ដូង»​។

មន្ត្រី​រូបនេះ​បានបន្ថែម​ទៀត​ថា វា​ពិត​ជា​ចម្លែក​ណាស់​ដែល​​បញ្ហា​បែប​នេះ​បាន​​កើតឡើង ដោយ​គ្មាន​សញ្ញា​អ្វី​ទាំង​អស់ ទៅ​លើ​កីឡាករ​​អាជីព​ម្នាក់​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​។ សាក​សព​របស់ Astori ត្រូវ​បាន​យក​ទៅកាន់​មន្ទីរ​ពេទ្យមួយ​ក្នុង​ទីក្រុង Udine ដើម្បី​ធ្វើ​សាកល​វិចៃ​។

ការ​ប្រកួត​របស់​ក្រុម Fiorentina ត្រូវ​បាន​ផ្អាក​​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​អាទិត្យ​​។ ការ​ប្រកួត​រវាង​ក្រុម Genoa និង Cagliari ដែល​ជា​អតីត​ក្លិប​របស់ Astori ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ នៅ​ពេល​ដែល​​កីឡាករ​បាន​ដឹង​ពី​ព័ត៌​មាន​នេះ ក្នុង​ពេល​កម្តៅ​សាច់​ដុំ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.