v9

Enrique Castro អតីតកីឡាករក្រុម Barcelona ទទួលមរណៈភាពដោយជម្ងឺគាំងបេះដូង

4 months ago​ | ដោយ V-Dara

លោក Enrique Castro ឈ្មោះហៅក្រៅ ‘Quini’ ដែលជាអតីតតារាឆ្នើមលេងនៅក្លឹប Barcelona បានស្លាប់ កាលពីរសៀលថ្ងៃអង្គារដោយសារតែបញ្ហាជំងឺគាំងបេះដូង។

យោងតាមសារពត៌មានអេស្បាញ Cadena COPE បានចុះផ្សាយថាៈ លោក Quini បានរងឧប្បទវហេតុនេះនៅពេលដែលលោកកំពុងដើរក្បែរផ្ទះរបស់គាត់នៅទីក្រុង Gijon ហើយត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នៅក្នុងរថយន្ត (Ambulance) សង្គ្រោះបន្ទាន់ក្រុមគ្រូពេទ្យព្យាយាមធ្វើឱ្យគាត់ដឹងខ្លួនឡើងវិញ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះជីវិតរបស់គាត់បាន។

លោក Quini អាយុ ៦៨ ឆ្នាំត្រូវមានភារកិច្ចនិងការងារជាមួយក្រុម Sporting Gijon ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងតួនាទីជាប្រតិភូរបស់ក្រុម និងគឺជាក្លឹបដែលគាត់ស្រឡាញ់បំផុត ព្រមទាំងជាបុគ្គលមួយរូបឈរនៅលើគេក្នុងនាមកីឡាករBarcelona រកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨៤ ។ គាត់ជាមនុស្សដែលចូលចិត្តកីឡាបាល់ទាត់អេស្ប៉ាញបំផុត និងជាបុគ្គលម្នាក់ឈរលើកម្រិតវិជ្ជាជីវៈខ្ពស់ពីយុគសម័យ មួយ ទៅយុគសម័យមួយ និងជាអតីតកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុត(Top Scorer) ៥ដងនៅក្នុងក្របខ័ណ្ឌ La Liga និងពីរលើកទៀតនៅក្នុងក្របខ័ណ្ឌលំដាប់ទី២។

សម្រាប់ក្រុមជម្រើសជាតិ Quini ធ្លាប់បង្ហាញខ្លួនឱ្យអេស្ប៉ាញនៅ World Cup ១៩៧៨ និង ១៩៨២ និងនៅពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ១៩៨០នៅប្រទេសអ៊ីតាលីផងដែរ។ ការបាត់បង់ Quini នៅពេលនេះ គឺជាការខាតបង់ធនធានមនុស្សផ្នែកកីឡាដ៏ធំមួយសម្រាប់កីឡាបាល់ទាត់អេស្ប៉ាញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77