v9

មកស្គាល់កីឡាករ ៥រូបដែលបង្កជំលោះជាមួយប្រិយមិត្តអ្នកគាំទ្រ

4 months ago​ | ដោយ V-Dara

កីឡាបាល់ទាត់ជាកីឡាមួយដែលតម្រូវអោយកីឡាករនៃភាគីសងខាង មានការប្រកួតដោយខិតខំប្រឹង ប្រែងអស់ពីសមត្ថភាពដោយមានការគាំទ្រពីប្រិយមិត្តក្រុមទាំងពីររៀងខ្លួន។ យ៉ាងណាមិញការប៉ះទង្គិចគ្នាពិតជាអាចកើតមានក្នុងពេលប្រកួតជាយថាហេតុ រវាងកីឡាករនៅលើទីលានប្រកួត ទោះបីជាបែបនេះក្តីគេកម្រឃើញជម្លោះកើតមានរវាងអ្នកគាំទ្រ និងកីឡាករនៅពេលកន្លងមកណាស់ ប៉ុន្តែខាងក្រោមនេះគឺជាអតីតកីឡាករដែលធ្លាប់លេងនៅក្លឹបធំៗនាតំបន់អឺរ៉ុបបានបង្កជំលោះជាមួយអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រក្លឹបម្ខាងទៀត ក្នុងហេតុផល និងរូបភាពផ្សេងៗពីគ្នា៖

១. Craig Bellamy

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិវែលរូបនេះបានបង្កជំលោះជាមួយអ្នកគាំទ្រកំលុង ការប្រកួតរវាងក្រុមរួមទីក្រុងទាំងពីរគឺ Man.United និង Man.City នៅឆ្នាំ២០០៩។ បន្ទាប់ពី Michael Owen រកបានគ្រាប់ជ័យជំនះក្នុងជំនួបនេះដោយលទ្ធផល ៤:៣ ខណៈអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត មានប្រិយមិត្តគាំទ្របិសាចក្រហមម្នាក់រត់ចូលទីលានប្រកួត ខណៈពេលនោះមានការរារាំងពីប៉ូលីស ប៉ុន្តែ Bellamy បានដើរសំដៅទៅរកបុរសនោះហើយទះកំភ្លៀងអ្នកគាំទ្រ Man.United មួយដៃពេញដោយកំហឹង។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរប៉ូលីសក្រុង Manchester និងសហព័ន្ធបាល់ទាត់អង់គ្លេស FA បានបើកការស៊ើបអង្កេត ប៉ុន្តែមិនបានចោតប្រកាន់ និងដាក់ទោសដល់ Bellamy នោះទេ។

២. Jamie Carragher (Liverpool)

រឿងហេតុបានកើតមានឡើងនៅរដូវកាល ២០០១-២០០២ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ FA Cup ជុំទី៤រវាងក្រុមម្ចាស់ផ្ទះ Arsenal និង Liverpool។ ជម្លោះមុនដំបូងចាប់ផ្តើមចេញពីអតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Dennis Bergkamp បានរត់ទៅគោលបំណងដណ្តើមបាល់ពីអតីតខ្សែការពារក្រុម Liverpool កីឡាករ Jamie Carragher ធ្វើអោយខ្សែការពាររូបនោះដួលនៅលើទីលាន ខណៈអាជ្ញាកណ្តាលសម្រេច បណ្តេញ Bergkamp ចេញពីទីលានប្រកួត។ មិនបានប៉ុន្មាននាទីផង កីឡាករ Carragher ត្រូវបានអាជ្ញាកណ្តាល សម្រេចបណ្តេញចេញពីការប្រកួតម្នាក់ទៀត ក្រោយរកឃើញកំហុសបានយកកាក់គប់លើអ្នកគាំទ្រក្រុម Arsenal ក្រោយពីត្រូវបានក្រុមអ្នកគាំទ្រនៅកីឡាដ្ឋាន Highbury ជាអ្នកបង្កមកលើរូបគេមុន។ អាជ្ញាកណ្តាលសម្រេចពិន័យជាប្រាក់ចំពោះ Carragher ចំនួន៤០០០០ផោន និងហាមមិនអោយចូលលេង ៣ប្រកួត។

៣. Alan Smith (Leeds United)

អតីតកីឡាករក្រុម Leed United និង Man.United ព្រមទាំងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កំលុងវ័យ ២៣ឆ្នាំបានទទួលកាតក្រហមច្រើនបំផុតរហូតដល់ ៨ដងឯណោះ។ រំលឹកអតីតកាល កំលុងការប្រកួត នៅឆ្នាំ២០០៣ ខណៈ Smith ក្នុងនាមជាកីឡាករក្រុម Leed United ទទួលស្វាគមន៏ក្រុមភ្ញៀវ Man.United ក្នុងការប្រកួតដណ្តើមពានរង្វាន់ League Cup ។ មូលហេតុនៃជម្លោះគឺអ្នកគាំទ្ររបស់ Leeds United បានគប់ដបឆ្ពោះទៅរកកីឡាករ Chris Eagles របស់ក្លិប Manchester United ។ ដោយមានការខឹងសម្បាយ៉ាងខ្លាំងដោយឧបទ្ទវហេតុនេះ Smith មិនអាចគ្រប់គ្រងកំហឹងបាន ហើយយកដបនោះគ្រវែងទៅលើអ្នកគាំទ្រវិញ។

៤. Eric Cantona (Manchester United)

ពិតជាជម្លោះដ៏អាក្រក់មួយក្នុងពិភពបាល់ទាត់រវាងអ្នកគាំទ្រ និងកីឡាករ ហើយព្រឹត្តិការណ៏នេះ បានកើតមានឡើងនៅនៅខែមករា ១៩៩៥ ពោលគឺ ២៣មុន កំលុងពេលក្រុម Man.United ធ្វើដំណើរទៅសួរសុខ ទុក្ខក្រុមម្ចាស់ផ្ទះ Crystal Palace ។ កំលុងពេលដើរចេញពីការប្រកួត ស្រាប់តែមានប្រិយមិត្តអ្នកគាំទ្រក្រុមម្ចាស់ផ្ទះម្នាក់ ឈ្មោះ Matthew Simmon បានស្រែកចំអកឌឺដងអោយ Cantona ធ្វើអោយរូបគេខឹងហើយបានបញ្ចេញក្បាច់កុងហ្វូ ហក់ធាក់អ្នកគាំទ្ររូបនោះតែម្តង។ អាជ្ញាកណ្តាលបានសម្រេចផ្តល់កាតក្រហមបណ្តេញអតីតកីឡាករ Eric Cantona ពីការប្រកួតក្រោយរកឃើញកំហុសធាក់លើកីឡាករក្រុម Crystal Palace ក្នុងរូបភាពជាក់ស្តែង។

៥. Patrice Evra (Marseille)

នៅមុនការប្រកួតក្របខ័ណ្ឌ Europa League រដូវកាល២០១៧-១០១៨ ទល់នឹងក្រុមភ្ញៀវ Vitoria SC កីឡាករ Patrice Evra របស់ក្រុម Marseille ត្រូវបានបណ្តេញចេញសូម្បីតែមុនពេលចាប់ផ្តើម ខណៈអ្នកគាំទ្របានបានព្យាយាមបង្កជំលោះ និងច្រៀងផ្លែផ្កាអោយ​ Evra ហើយព្យាយាមទម្លាយរបងចូលទៅជិត ក្រុមកីឡាកររបស់ខ្លួន ខណៈពេលនោះអតីតខ្សែការពារក្រុម Man.United កើតជាកំហឹងបាន ទាត់ទៅលើអ្នកគាំទ្រកំលុងពេលកំដៅសាច់ដុំមុនការប្រកួត។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានពិន័យជាប្រាក់ ១០០០០យូរ៉ូ និងហាមមិនអោយរូបគេចូលប្រកួតពានរង្វាន់ Europa League រហូតបំណាច់រដូវកាល។ រឿងរ៉ាវមិនទាន់បានបញ្ចប់ទេ ក្លឹប Marseille បានបណ្តេញ Evra​ ចេញពីក្រុម និងបញ្ចប់កុងត្រារបស់គេផងដែរ ស្របពេលបច្ចុប្បន្នរូបគេកំពុងប្រកប អាជីពជាមួយក្រុម West Ham United។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77