v9

អ្នកជំនាញ គ្រោងប្រើយុទ្ធសាស្រ្ត ទាក់ទាញចិន ឲ្យចូលរួមពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ

4 months ago​ | ដោយ V-Dara

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងអ្នកជំនាញផ្នែករៀបចំព្រឹត្តិការណ៍ប្រកួតម៉ារ៉ាតុង គ្រោងនឹងប្រើប្រាស់នៅយុទ្ធសាស្រ្តថ្មី ដើម្បីទាក់ទាញអ្នកទេសចរជនជាតិចិន ឲ្យចូលរួមការប្រកួតទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី៧ នៅក្រុងព្រះសីហនុ ដែលនឹងត្រូវធ្វើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះឲ្យបានច្រើន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីម្សិលមិញថា សម្រាប់ការរៀបចំការប្រកួតទិវារត់ប្រណាំងអន្តរជាតិ ចំនួន៦ឆ្នាំកន្លងមកនេះ គឺការរៀបចំនៅក្រុងព្រះសីហនុ មិនសូវមានអ្នកចូលរួមច្រើន ដូចនៅពេលធ្វើនៅអង្គរវត្តនោះទេ ដោយសារគ្មានជើងហោះហើរត្រង់ មកដល់ទីនេះ។

ទោះបីជាយ៉ាងណា លោក បាននិយាយថា៖ «នៅអង្គរវត្តមានជនជាតិចិន ចូលរួមរត់ច្រើនជាងគេ ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុវិញ ដែលមានភ្ញៀវទេសចរណ៍ចិន និងចិនរស់នៅច្រើននោះ បែរជាមិនមានអ្នកចូលរួមរត់ទៅវិញ។ នេះជាបញ្ហា ដែលយើងត្រូវមាននយោបាយទាក់ទាញជាមួយភាគីពាក់ព័ន្ធ ដោយយើងនឹងពិភាក្សាជាមួយអាជ្ញាធរដែនដីមន្ទីរទេសចរណ៍ខេត្ត និងកាស៊ីណូ នៅខេត្តព្រះសីហនុ ដើម្បីឲ្យគេជួយទាក់ទាញអ្នកទេសចរណ៍ចិនមកចូលរួមរត់ ក្នុងព្រឹត្តិ្កការណ៍ខាងមុខនេះ»។

លោកបានបញ្ជាក់ថា៖ «ទោះបីជនជាតិចិនទាំងនោះ ចូលរួមរត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារ ក៏យើងរីករាយនឹងទទួលយកដែរ ហើយបើជាយុទ្ធនាការនេះ ទទួលបានលទ្ធផលជោគជ័យ ដោយមានអ្នកទេសចរណ៍ចូលរួមរត់ច្រើននោះគឺនៅឆ្នាំក្រោយ យើងអាចនឹងពង្រីកការប្រកួតនេះ ទៅជាការប្រកួតម៉ារ៉ាតុង ដែលមានចម្ងាយ៤២,១៩៥គីឡូម៉ែត្រ តែម្ដង»។

ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ គ្រោងនឹងស្នើសុំអង្គការម៉ារ៉ាតុងអន្តរជាតិ មកជួយវាស់វែងផ្លូវឡើងវិញ ដើម្បីឲ្យត្រូវតាមបច្ចេកទេស ដោយសារលើកនេះ ការប្រកួតត្រូវបានផ្លាស់ប្តូរផ្លូវរត់មួយចំនួន បើទោះបីជា ការប្រកួតនៅឆ្នាំនេះ មានតែការរត់ចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ និងរត់កម្សាន្តលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ដូចឆ្នាំមុនៗក៏ដោយ។

លោក សែន ផល្លា បានបន្ដែមថា៖ «បើការប្រកួតនៅឆ្នាំ២០១៨នេះ ចំនួនអ្នកចូលរួមច្រើនដូចអ្វីដែលយើងបានរំពឹងទុកនោះ គឺនៅឆ្នាំក្រោយ យើងអាចនឹងតម្លើង ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុង គឺ Full Marathonតែម្ដង»។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមរត់បានចំនួន ១២៥០នាក់ហើយ ក្នុងនោះមានជនបរទេស១៥៦នាក់ មកពី២៨ប្រទេស ខណៈជនជាតិជប៉ុនច្រើនជាងគេ ក្រៅពីនោះមានអាមេរិក និងអង់គ្លេស៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77