v9

ការប្រកួតជ្រើសរើសជនពិការចូលជម្រើសជាតិ បានបញ្ចប់ ប៉ុន្តែកីឡាបាញ់កាំភ្លើង មិនត្រូវបានជ្រើសរើស

7 months ago​ | ដោយ V-Dara

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC បានបញ្ចប់ការប្រកួតជ្រើសរើសអត្តពលិកជនពិការ ដើម្បីរកអ្នកមានសមត្ថភាព និងទេពកោសល្យ ដាក់ចូលក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០១៨ ជាផ្លូវការ កាលពីម្សិលមិញ ប៉ុន្តែប្រភេទកីឡាបាញ់កាំភ្លើង មិនត្រូវបានជ្រើសរើសដាក់ឲ្យចូលជាក្រុមជម្រើសជាតិ នោះទេ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងប្រាប់ កាលពីម្សិលមិញថា៖ «សម្រាប់ប្រភេទកីឡាបាញ់កាំភ្លើងនេះ ជាការសម្រេចដោយឯកច្ឆន្ទរបស់កណៈកម្មការបច្ចេកទេសតែម្តង គឺយើងមិនបានដាក់ឲ្យជ្រើសរើសចូលជម្រើសជាតិទេ ដោយសារតែអ្នក ដែលបានចុះឈ្មោះចូលរួម មានចំនួនតិចមែនទែន ហើយបាញ់កាំភ្លើងនេះ ជាវិញ្ញាសាមួយ ដែលយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ដោយមានការណែនាំពីអន្តរជាតិផង ដើម្បីឲ្យត្រូវតាមស្តង់ដារ»។

យ៉ាងណាមិញ សម្រាប់ប្រភេទកីឡាហែលទឹកជនពិការ ត្រូវបានរៀបចំប្រកួតក្រោយគេ គឺបានធ្វើនៅអាងហែកទឹកនៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដោយមានអ្នកចូលរួមចំនួន២៣នាក់ ច្រើនជាងឆ្នាំ២០១៧ ដែលមានត្រឹម១៤នាក់ ខណៈប្រភេទកីឡាអត្តពលកម្ម វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាញ់ធ្នូ បាល់ឱបជិះរទេះ និងបាល់បោះជិះរទេះ ត្រូវបាន NPCC រៀបចំរួចរាល់អស់ហើយ។

យ៉ាងណាក៏ដោយ គណៈកម្មការនៅលើប្រភេទកីឡានីមួយៗ បញ្ចេញបញ្ជីឈ្មោះផ្លូវការពីបេក្ខភាព ដែលត្រូវដាក់ឲ្យចូលហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិកីឡាជនពិការ ក្នុងឆ្នាំនេះនៅឡើយទេ ខណៈឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រមូលផ្តុំក្រុមកីឡាជនពិការ ដោយមានកីឡាករ១៧នាក់ កីឡាការិនី៥នាក់ គ្រូបង្វឹក៨នាក់ និងអនុរក្ស២នាក់ សរុប៣២នាក់។

ទាក់ទងនឹងបញ្ហានេះ លោក យី វាសនា បានបញ្ជាក់ថា៖ «ចំពោះតារាងបញ្ជីឈ្មោះអ្នកត្រូវជាប់ជម្រើសជាតិ ខ្ញុំនឹងផ្តល់ជូននៅពេលក្រោយ។ គណៈកម្មការបច្ចេកទេស បានចុះហត្ថលេខារួចខ្លះហើយ ដែលកំណត់ថា ប្រភេទកីឡាណាយកប៉ុន្មាននាក់ ដូច្នេះនៅពេលរួចរាល់គ្រប់ប្រភេទកីឡា ខ្ញុំនឹងផ្តល់ជូនជាឯកសារជាលាយលក្ខណ៍អក្សរផ្លូវការតែម្តង ដើម្បីឲ្យច្បាស់ទាំងអស់គ្នា»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.