v9

ក្រុមសូហ្វតិន្នីសកម្ពុជា កំពុងប្រជែងនៅថៃ ដើម្បីបង្កើនកំណត់ត្រាពិភពលោក

10 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា បានចាប់ដំណើរការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ The 7th Thailand Open International Soft Tennis Championship 2018 នៅទីក្រុង Nakhon Ratchasima ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយ បង្កើនកំណត់ត្រាពិភពលោករបស់ពួកគេ។

ការដណ្តើមបាននាំយកមេដាយមាស២ និងប្រាក់១ ពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន លើកទី២ នៅហ្វីលីន កាលពីខែតុលា ឆ្នាំ២០១៧ បានជួយឲ្យក្រុមសូហ្វតិន្នីសកម្ពុជា ឡើងទៅឈរនៅចំណាត់លេខ៩ពិភពលោក ក្នុងចំណោម៤៥ប្រទេស រីឯការប្រកួតនៅប្រទេសថៃលើកនេះ វាបានក្លាយជាការប្រកួតដ៏សំខាន់ ដើម្បីរក្សាចំណាត់ថ្នាក់នេះ ក៏ដូចជាបង្កើនចំណាត់ថ្នាក់នេះ ឲ្យកាន់តែល្អ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានថ្លែងប្រាប់ មុនចេញដំណើរទៅប្រទេសថៃថា៖ «ទម្រាំយើង បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៩ ពិភពលោក ក្នុងចំណោម៤៥ប្រទេស នេះ យើងបានប្រឹងប្រែងអស់រយៈពេលជាង៣ឆ្នាំមកហើយ និងបានចំណាយថវិកាយ៉ាងច្រើន ហេតុការប្រកួតនៅថៃលើកនេះ វាជាការប្រកួត ដើម្បីរក្សាទីតាំងនេះ ឬក៏អាចនឹងបង្កើនចំណាត់ថ្នាក់របស់យើង កាន់តែល្អ បើសិនជាយើងទទួលបានលទ្ធផលល្អ អ៊ីចឹងយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»។

សម្រាប់ការប្រកួតនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន១៨នាក់ គ្រូបង្វឹក៤នាក់ រួមជាមួយមន្រ្តីកីឡា១ និងប្រធានប្រតិភូ សរុប២៤នាក់ ទៅចូលរួមការប្រកួតនេះ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែការចំណាយគ្រប់បែបយ៉ាងជាបន្ទុករបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ខណៈព្រឹត្តិការណ៍នេះ គ្រោងបញ្ចប់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

អត្តពលិកទាំង១៨នាក់ ដែលត្រូវបានបញ្ជូនទៅចូលរួមការប្រកួតនៅថៃលើកនេះ រួមមានកីឡាករ ឯក ចំរើន, កាន់ សោភ័ណ, អន សម្បត្តិ, យី សរសារិទ្ធ, សៀង ម៉ៅ, ឌឹម សំសម្បត្តិ, ប៉ិល វ៉ាន់នី, ចន ម៉ាដា, សាយ សុចិត្ត្រា, រិន សុធារី, ឃី ម៉េងជួង, យាន សុខឿន កីឡាការិនី រិន សុធារី, ម៉េត ម៉ារីយ៉ាន, ជិន ស្រីឡូយ, បូរ ទីងហ៊ុយ, ឃនសាត សាន្នីតា និង ឃនសាត ពេជ្របូណ៌មី។

អ្នកទាំង៨នេះ នឹងត្រូវធ្វើការប្រកួតទាំង៧វិញ្ញាសា ដែលគេបានដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ The 7th Thailand Open International Soft Tennis Championship 2018នេះ ក្នុងនោះមានវិញ្ញាសាប្រកួតជាក្រុមបុរស ដោយកម្ពុជាមាន២ក្រុម ការប្រកួតជាក្រុមនារី ប្រកួតឯកត្តជនបុរស ឯកត្តជននារីប្រកួតគូ និងប្រកួតវាយគូចម្រុះ(ស្រី១ ប្រុស១)៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.