v9

កីឡាករឈ្នះមេដាយពីស៊ីហ្គេម សុទ្ធតែជាប់ជម្រើសជាតិគុនខ្មែរ ឆ្នាំ២០១៨

10 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងទាំង៤ នាក់របស់កម្ពុជា ដែលធ្លាប់បានមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ ពីការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ សុទ្ធតែជាប់ក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០១៨នេះ ចំណែកជើងខ្លាំងកំពុងមានឈ្មោះល្បីរន្ទឺ ធឿន ធារ៉ា ក៏បានជាប់ជម្រើសជាតិ ក្នុងឆ្នាំនេះផងដែរ។

យោងតាមបញ្ជីរាយនាម សមាសភាព គ្រូបង្វឹក និងកីឡាករ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ទទួលស្គាល់ និងអនុញ្ញាតឲ្យធ្វើការប្រមូលផ្តុំ ជាក្រុមជម្រើសជាតិផ្នែកកីឡាគុនខ្មែរ នៅឆ្នាំ២០១៨នេះ គឺមានកីឡាករ៨នាក់ និងគ្រូបង្វឹក២នាក់ គឺលោក អេ ភូថង ដែលជាគ្រូបង្គោល និងលោក ឡុង សានវ័ន្ត ជាគ្រូជំនួស។

ចំពោះសមាសភាពកីឡាករជម្រើសជាតិទាំង៨នាក់ នៅឆ្នាំ២០១៨នេះ រួមមានម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា (ឃីម ឌីម៉ា) ម្ចាស់មេដាយប្រាក់ ម៉ឺន សុភា ម្ចាស់មេដាយសំរឹទ្ធ ឡៅ ចិត្ត្រា ម្ចាស់មេដាយសំរឹទ្ធ វ៉ាន់ វឿន ជើងខ្លាំង ឡៅ ចន្ទ្រា កីឡាករល្បីឈ្មោះ ធឿន ធារ៉ា កីឡាករ សែម ណាង (ឡុង សំណាង) និង ហ៊ីម សេរី។

ដោយឡែកអ្នកលេងស្នៀតជើង មឿន សុខហ៊ុច ដែលមិនបានឈ្នះមេដាយនៅស៊ីហ្គេម និងកីឡាករ យ៉េន ឌីណា ដែលធ្លាប់ជាប់ជម្រើសជាតិ កាលពីឆ្នាំ២០១៧ដែរនោះ គឺគ្មានវត្តមាន ក្នុងបញ្ជីឈ្មោះប្រមូលផ្តុំ ជាក្រុមជម្រើសជាតិ នៅឆ្នាំនេះទេ។ រីឯគ្រូបង្គោល ឈិត សារឹម ក៏ត្រូវបានឈប់ផងដែរ ដោយសារគាត់មានវ័យកាន់តែចាស់ ពិបាកក្នុងការបង្វឹងក្រុមជម្រើសជាតិ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.