v9
V9BET

កីឡាមានប្រិយភាព ៩ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួត នៅបុណ្យទន្លេ ឆ្នាំនេះ

1 year ago​ | ដោយ V-Dr

ប្រភេទកីឡា ដែលមានប្រជាប្រិយ និងមានការទាក់ទាញខ្លាំង ចំនួន៩ ត្រូវបានក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចជ្រើសរើស និងដាក់ឲ្យធ្វើការប្រកួត ក្នុងពិធីបុណ្យទន្លេ លើកទី៤ ដែលនឹងត្រូវធ្វើ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

តាមការប្រកាស ក្នុងកិច្ចប្រជុំចុងក្រោយ នៅទីស្នាក់ការ NOCC កាលពីថ្ងៃចន្ទ ម្សិលមិញ គឺប្រភេទកីឡា ដែលត្រូវដាក់ឲ្យមានការប្រកួតក្នុងបុណ្យទន្លេ ឆ្នាំនេះ រួមមានកីឡារត់ប្រណាំង, ជិះកង់កម្សាន្ត និងជិះកង់អាជីព, ប្រណាំងទូកប្រពៃណីខ្នាតវែង, បាល់ទះមិត្តភាពអន្តរជាតិកម្ពុជា និង វៀតណាម, បាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជា និង វៀតណាម, កីឡាអុកចត្រង្គ, ប្រដាល់គុនខ្មែរ, ចំបាប់បុរាណ និងកីឡាហែលទឹក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានអនុគណៈកម្មការកីឡាបុណ្យទន្លេ លើកទី៤នេះ បានថ្លែងថា <<ក្រោយប្រជុំជាមួយភាគីពាក់ព័ន្ធនានា ពិសេសអាជ្ញាធរខេត្តកណ្តាល និងសហព័ន្ធកីឡាជាតិមួយចំនួនរួចមក យើងបានសម្រេចជ្រើសរើសយកតែកីឡាចំនួន៩ប្រភេទទេ សម្រាប់ដាក់ឲ្យលេងក្នុងពិធីបុណ្យទន្លេ នៅឆ្នាំនេះ ហើយតាមការវាយតម្លៃទុកជាមុន គឺបុណ្យទន្លេ ឆ្នាំ២០១៨នេះ អាចមានប្រជាពលរដ្ឋ ប្រហែល១លាននាក់ ចូលរួមកម្សាន្ត ព្រោះនៅជិតទីក្រុងភ្នំពេញ>>។

យោងតាមកម្មវិធីប្រកួត ដែលទទួលបានពីគណៈកម្មការកីឡាបុណ្យទន្លេ នៅឆ្នាំនេះ គឺការរត់ប្រណាំងកម្សាន្ត ចម្ងាយ៣ និង៥គីឡូម៉ែត្រ នឹងចេញដំណើរ និងមកដល់ទី នៅលើផ្លូវច្រមុះជ្រូកមាត់ទន្លេ ដោយមានអ្នកចូលរួមប្រមាណ៣៥០០នាក់ ឯជិះកង់កម្សាន្តចម្ងាយ១០គីឡូក្រាម និងជិះកង់អាជីព ចម្ងាយ៣៥គីឡូម៉ែត្រ ត្រូវឆ្លងស្ពានតាខ្មៅ ចេញដំណើរ និងមកដល់ទី នៅលើផ្លូវច្រមុះជ្រូកមាត់ទន្លេ។

ចំណែកការប្រណាំងទូកប្រពៃណីខ្នាតវែង និងត្រូវធ្វើនៅលើដងទន្លេបាសាក់ ហើយគណៈកម្មការ គ្រោងរៀបចំឲ្យមានការប្រកួតដូចបុណ្យអុំទុក ដោយមានខ្សែទឹកក្រៅ និងខ្សែទឹកក្នុង ដើម្បីធ្វើឲ្យការប្រកួតនេះ មាននការទាក់ទាញខ្លាំង ពីប្រជាពលរដ្ឋ ព្រោះការប្រកួតជម្រុះ ប្រើពេលខ្លីពេក។

ចំពោះការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជា និង វៀតណាម នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ ឯការការប្រកួតបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា និង វៀតណាម នឹងត្រូវធ្វើនៅក្នុងសាលារៀនជាប់មាត់ទន្លេ។ កីឡាអុកចត្រង្គ នឹងត្រូវធ្វើនៅវេទិកាអុំទូកមាត់ទន្លេ ហើយការប្រកួតប្រដាល់គុនខ្មែរ ដែលគ្រោងដាក់កីឡាករកម្រិតថ្នាលវ័យក្មេងឲ្យប្រកួតគ្នានោះ ត្រូវធ្វើនៅមាត់ព្រែកខាងផ្សារតាខ្មៅ។

យ៉ាងណាមិញ សម្រាប់ការប្រកួតកីឡាចំបាប់បុរាណ ដែលត្រូវធ្វើនៅពេលល្ងាច ចំនួន២ថ្ងៃនោះ ត្រូវធ្វើនៅក្នុងកីឡដ្ឋានខេត្តកណ្តាល ហើយសហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងពិភាក្សាជាមួយខេត្ត ដើម្បីយកការប្រកួតនេះ សម្រាប់ជាការប្រកួតជ្រើសរើសជើងឯក ប្រចាំខេត្តកណ្តាលតែម្តង សម្រាប់រកអត្តពលិក មានសមត្ថភាព ត្រៀមដាក់ឲ្យប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨។ រីឯ កីឡាហែលទឹក គឺលើកនេះ ត្រូវហែលកាត់ទន្លេបាសាក់ ដែលមានចម្ងាយ៨០០ម៉ែត្រ គឺ២០០ម៉ែត្រ គុណនឹង៤ដង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.