v9

Noengtrakan ធ្វើឲ្យ ឆៃ សារ៉ា ស្គាល់ការចាញ់ ដើម្បីយកប្រៀបលើ ឡៅ ចន្ទ្រា

10 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំង Noengtrakan បានក្លាយជាបេក្ខភាព ដែលកំពុងមានប្រៀបខ្លាំងជាងគេ ក្នុងការទទួលបានឱកាស ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ទម្ងន់៦៧គីឡូក្រាម បន្ទាប់ពីរូបគេ ទទួលបានជ័យជម្នះជាលើកទី២ តាមរយៈការយកឈ្នះកីឡាករកម្ពុជា ឆៃ សារ៉ា កាលពីថ្ងៃអាទិត្យ។

តាមរយៈការប្រកួត ៥ទឹកពេញ នៅលើសង្វៀន CNC នោះ Noengtrakan ត្រូវបាន ឆាយ សារ៉ា វាយឲ្យមានស្នាមរបួសនៅលើក្បាលផងដែរ ប៉ុន្តែជើងខ្លាំងរបស់ថៃម្នាក់នេះ នៅតែជម្នះតាមវាយលុកទៅលើ សារ៉ា និងបានយកឈ្នះ សា រ៉ា ដោយពិន្ទុដាច់តែម្តង សម្រាប់ការប្រកួតជម្រុះសន្សំពិន្ទុ លើកទី២នេះ។

ការឈ្នះពិន្ទុ ឆៃ សារ៉ា បន្ថែមទៅលើការឈ្នះពិន្ទុ ពុទ្ធ ឆាយរិទ្ធី ក្នុងការប្រកួតបើកឆាកកន្លងមកនេះ បានធ្វើឲ្យ Noengtrakan កំពុងឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន៦ពិន្ទុពេញ និងបានទាញទម្លាក់ជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា ដែលបានឈរនៅកំពូលតារាង កាលពីសប្តាហ៍ទី១ ឲ្យមកឈរនៅលេខរៀងទី៤វិញ។

យ៉ាងណាក៏ដោយ ឡៅ ចន្ទ្រា នៅតែមានភាគរយខ្ពស់ ក្នុងការដណ្តើមយកលេខ១វិញ ដោយសារគេទើបបានប្រកួត១លើកទេ ដោយបានផ្តួលកីឡាករថៃ Chhan Chhai ឲ្យសន្លប់នៅទឹកទី៣ ហេតុនេះបើសិនជា ឡៅ ចន្ទ្រា បន្តយកឈ្នះថៃ Rong Nakpha នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គេនឹងឡើងមកឈរនៅលេខ១វិញ។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ នោះដែរ ពុទ្ធ ឆាយរិទ្ធី បានម៉ាត់ និងវាយកែងទៅលើកីឡាករឡាវ Phan Chhai រហូតអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត នៅចុងទឹកទី២ គឺបន្ទាប់ពីរូបគេបានវាយកែង និងម៉ាត់ផ្តួនៗ ធ្វើឲ្យ Phan Chhai គាំងតដៃលែងកើត និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន៣លើកនោះ គឺនៅទឹកទី៣មួយលើក និងទឹកទី៤ចំនួន២លើក។

ការផ្តួល Phan Chhai ឲ្យសន្លប់នៅទឹកទី៤ ក្រោយចាញ់ជើងខ្លាំង Noengtrakan នេះ បានជួយឲ្យ ពុទ្ធ ឆាយរិទ្ធី នៅពេលនេះកំពុងឈរនៅលេខរៀងទី២ ដោយមាន៤ពិន្ទុ ស្មើជាមួយ ឆៃ សារ៉ា ដែលឈរនៅលេខ៣ ខណៈ ឡៅ ចន្ទ្រា ឈរនៅលេខ៤ កីឡាករថៃ Rong Nakpha ឈរនៅលេខ៥ មាន៣ពិន្ទុស្មើ ឡៅ ចន្ទ្រា ប៉ុន្តែកីឡាករឡាវ Phan Chhai បានចាញ់ទាំង២ប្រកួត ឈរនៅលេខ៦ ហើយ មាស សុជាតិ និងថៃ Chhan Chhai បានចាញ់១ប្រកួត មាន១ពិន្ទុដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.