v9

ពេជ្រ ម្ទេសខ្មាំង តាំងចិត្តយកឈ្នះថៃ ថ្ងៃនេះ ដើម្បីប្រជែងជាមួយជនរួមជាតិ

4 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងមានជំនាញទាំងសកល និងសេរី ពេជ្រ ម្ទេសខ្មាំង បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការយកឈ្នះអ្នកប្រដាល់ថៃ Khompichhith ក្នុងការប្រកួតសន្សំពិន្ទុ លើកទី ៣ ដណ្តើមខ្សែក្រវាត់គូបូតា ទម្ងន់ ៥៧ គ.ក្រ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ យប់ថ្ងៃសុក្រនេះ ដើម្បីប្រជែងឱកាសឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយជនរួមជាតិ ចំនួន៣នាក់ទៀត ដែលសុទ្ធតែមានពិន្ទុខ្ពស់ជាងរូបគេ។

តាមរយៈការប្រកួតចំនួន២លើក កន្លងមកនេះ ពេជ្រ ម្ទេសខ្មាំង ទើបតែមាន៣ពិន្ទុប៉ុណ្ណោះ ដោយសាររូបគេ បានភ្លាត់ចាញ់ពិន្ទុកីឡាករឡាវ Thannu Petch កាលពីថ្ងៃទី ១២ ខែមករា កន្លងមកនេះ មុនពេលរូបគេបានម៉ាត់អ្នកប្រដាល់ថៃ Rouenthai ឲ្យសន្លប់ក្នុងទឹកទី ១ សម្រាប់ការប្រកួតលើកទី២។

ផ្ទុយពីនេះកីឡាករជាជនរួមជាតិ សុខ ធី, ចាន់ ស៊ីណាត និង ឡុង ជិន សុទ្ធតែឈ្នះទាំង២ប្រកួត មាន៦ពិន្ទុ និងមានប្រៀបជាង ពេជ្រ ម្ទេសខ្មាំង ទាំងអស់ ហើយតាមរយៈការប្រកួតនេះ ម្ទេស្មខាំង ដែលកំពុងឈរនៅលេខ៤ក្រោមគេក្នុងពូលកម្ពុជា ត្រូវការឈ្នះ Khompichhith សម្រាប់ការប្រកួតលើកនេះជាដាច់ខាត ទើបរូបគេនៅមានឱកាសប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគេកំណត់យកកីឡាករកម្ពុជា២នាក់ និងបរទេស២នាក់ ដែលមានពិន្ទុខ្ពស់ជាងគេតាមពូលទាំង២។

ទាក់ទងនឹងការប្រកួតនេះ ពេជ្រ ម្ទេសខ្មាំង បានប្រាប់ កាលពីម្សិលមិញ ថា៖ «ខ្ញុំមិនគិតដល់រឿងផ្តួលគេឲ្យសន្លប់នោះទេ ប៉ុន្តែរឿងដែលសំខាន់ គឺខ្ញុំត្រូវខំប្រឹងយកឈ្នះការប្រកួតនេះឲ្យបានសិន។ ទោះឈ្នះក្នុងកម្រិតណា ក៏ខ្ញុំទទួលយកដែរ ព្រោះបើសិនជាខ្ញុំភ្លាត់ចាញ់តែមួយប្រកួតទៀត ខ្ញុំអាចនឹងបាត់ឱកាស សម្រាប់ការឡើងទៅវគ្គបន្ត»។

គួររំឭកថា នៅមុនពេលចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់នេះ ពេជ្រ ម្ទេសខ្មាំង ធ្លាប់បានឈ្នះ Khompichhith ក្នុងការប្រកួតមិត្តភាពអន្តរជាតិម្តងហើយ ហើយ ម្ទេសខ្មាំង ក៏បានសរសើរពីសមត្ថភាពប្រកួតរបស់ថៃម្នាក់នេះផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតសន្សំពិន្ទុ ២ លើកកន្លងមកនេះ Khompichhith បានចាញ់ទាំង២លើក គឺលើកទី១ គេបានចាញ់ សុខ ធី នៅទឹកទី ៤ និងលើកទី ២ ចាញ់ ចាន់ ស៊ីណាត ទឹកទី២ ដោយសារបានវាយថែមពីក្រោយខុសលក្ខខណ្ឌនៃការប្រកួតបណ្តាលឲ្យ ស៊ីណាត សន្លប់។

សម្រាប់ការប្រកួត នៅយប់ថ្ងៃសុក្រនេះដែរ កីឡាករជើងខ្លាំង សុខ ធី ត្រូវប្រកួតជាមួយជើងខ្លាំងរបស់ឡាវ Thannu Petch ហើយជំនួបនេះ បានក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះ សុខ ធី ត្រូវការឈ្នះ ដើម្បីឡើងទៅឈរនៅលេខ១ពូលកម្ពុជា ហើយ Thannu Petch ក៏ត្រូវការឈ្នះ ដើម្បីបន្តឈរនៅលេខ១ពូលបរទេសដូចគ្នា ដោយសារឡាវម្នាក់នេះ ជាកីឡាករបរទេសតែម្នាក់គត់ ដែលបានឈ្នះ១ប្រកួត គឺឈ្នះពិន្ទុ ពេជ្រ ម្ទេសខ្មាំង មុនពេលមកសន្លប់ត្រឹមទឹកទី ២ ក្រោមស្នាដៃជើងថ្មី ឡុង ជិន ក្នុងការប្រកួតជើងទី២៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77