v9

Wayne Rooney បង្ហើបប្រាប់ក្លឹបដែលចង់ទៅធ្វើជាគ្រូបង្វឹកដឹកនាំក្រោយចូលនិវត្តន៏

1 week ago​ | ដោយ V-Dara

Wayne Rooney បានបង្ហើបប្រាប់ថា៖ ក្លឹបដែលរូបគេចង់ចូលទៅដឹកនាំក្រោយចូលនិវត្តន៏ពីពិភពបាល់ទាត់នោះ គឺជាក្លឹប Everton ដែលខ្សែប្រយុទ្ធរូបនេះកំពុងប្រកបអាជីពនៅទីនេះ ក្រោយចាកចេញកាលពី១៣ឆ្នាំមុន

Rooney អតីតខ្សែប្រយុទ្ធក្រុម Man.United និងក្រុមតោកំណាចអង់គ្លេសវ័យ ៣២ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពដំបូងក្នុងនាមជាថ្នាលយុវជនក្រុម Everton និងបានបង្ហាញទម្រង់លេង យ៉ាងលេច ធ្លោនៅកំលុងវ័យ ១៦ឆ្នាំ ដោយរកគ្រាប់បាល់បានរហូត ១៥គ្រាប់ទើបធ្វើអោយក្រុមបិសាចក្រហមក្រោម ការដឹកនាំរបស់លោក Sir Alex Ferguson នាំយករូបគេទៅកាន់កីឡាដ្ឋាន Old Trafford កាលពីឆ្នាំ ២០០៤។ ក្រោយបង្ហាញខ្លួនអោយក្រុម Man.United បាន ៥៥៩ដង គ្រប់ក្របខណ្ឌប្រកួត Rooney ស៊ុតបញ្ចូលទីបាន ២៥៣គ្រាប់ និងបានបំបែកកំនត់ត្រាវីរបុរសលោក Sir Bobby Charlton ផងដែរ។

នៅក្នុងបទសម្ភាសន៏ជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស និងជាអតីតខ្សែការពារក្រុមហង្សក្រហម Liverpool ត្រូវបានដកស្រង់ពីគេហទំព័រ Telegraph Rooney បានប្រាប់ថាៈ គោលបំណងធំរបស់ខ្ញុំគឺចង់ដឹកនាំក្រុមបាល់ទាត់នៅលីកកំពូលអង់គ្លេសនាពេលអនាគត។ ក្លឹបនោះគឺ Everton ដែលខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងក្លាយជាអ្នកចាត់ការទូទៅនៅទីនេះ។ វាគឺជាវត្តុបំណងដែលខ្ញុំចង់ធ្វើ ប៉ុន្តែប្រសិនជាមិនអាចទៅរួច ខ្ញុំនឹងសម្លឹងមើលឪកាសដើម្បី ដឹកនាំក្រុមផ្សេងវិញ។ ហើយចាប់ពីរដូវកាលក្រោយទៅ ខ្ញុំចង់ធ្វើជាអ្នកចាត់ការទូទៅយុវជនក្រុមវ័យ ក្រោម១៤ឆ្នាំ របស់ក្រុម Everton វាគឺជារឿងល្អ មួយដែលខ្ញុំត្រូវតែធ្វើដើម្បីមានឪកាស ឈានទៅកាន់តំណែងជាគ្រូបង្គោលឈុតធំបាននាពេលអនាគត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ squawka

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77