v9

គ្រូបង្វឹកទាំង ៥រូប ដែលធ្លាប់ដឹកនាំក្រុមប្រកួតនៅក្របខណ្ឌ Champion League បានច្រើនបំផុត

1 week ago​ | ដោយ V-Dara

ក្រោយការបដិសន្ធិការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុបនៅ ឆ្នាំ១៩៩២ មានតែអ្នកចាត់ការទូទៅ ៥រូបប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដែលធ្លាប់បានគ្រប់គ្រងនិងដឹកនាំក្រុមចូលរួម ប្រកួតមិនតិចជាង ១០០ប្រកួត នោះទេ។ បច្ចុប្បន្ននេះសម្រាប់ចំណាត់ថ្នាក់ទី៦ មានគ្រូបង្វឹក ៤រូបធ្លាប់បានដឹកនាំក្រុមបង្ហាញខ្លួននៅក្របខណ្ឌ Champion League រហូត ៩៥ប្រកួតរួមមានលោក Rafa Benitez, Pep Guadiola, Louis van Gaal និង Ottmar Hitzfield ។

ក្នុងចំណោមអ្នកចាត់ការទូទៅទាំងបួនរូបខាងលើលោក Guardiola កំពុងបំបែកកំនត់ត្រាច្រើនជាង ១០០ប្រកួតសម្រាប់ការដឹកនាំក្រុមនៅពានរង្វាន់ Champion League ហើយនឹងធ្វើឱ្យគាត់ក្លាយជាអ្នកចាត់ការទូទៅទី៦ ក្នុងការបង្ហាញវត្តមានដឹកនាំក្រុមច្រើនបំផុតស្របពេលបច្ចុប្បន្នបុរសសញ្ជាតិអេស្បាញរូបនេះកំពុងដឹកនាំក្រុម Man.City ប្រកួតនៅក្របខណ្ឌ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយផងដែរ។ ខាងក្រោមនេះគឺជាកំពូលគ្រូបង្វឹកជើងចាស់ដែលលេចធ្លោទាំង៥រូប ធ្លាប់បានសាងស្នាដៃអោយក្រុមឈ្នះពាន Champion League ជាច្រើនឆ្នាំមកហើយនោះ មានដូចជា៖

១. Mircea Lucescu

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិរ៉ូម៉ានីរូបនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៥ បានចូលកាន់តួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ១៩៨១ និងធ្លាប់ដឹកនាំក្រុមបាល់ទាត់អាជីពធំៗនៅអឺរ៉ុប ដោយធ្លាប់ដឹកនាំក្រុម International(Inter Milan) ,Brescia, Reggiana Shakhtar Donetsk, Galatasaray និង Besiktas ជាមួយការដឹកនាំក្រុមបាន ១០៥ប្រកួតនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប ។ នៅឆ្នាំ២០១៧ លោក Lucescu បានចាកចេញពីក្លឹបយក្សរុស្សី Zenit St Peterburg ហើយបានចូលកាន់ តួនាទីជាគ្រូបង្គោលឈុតធំរបស់ក្រុមជម្រើសជាតិតួគីវិញនៅឆ្នាំ២០១៧ ថ្មីៗនេះ។

២. Jose Mourinho

ក្រោយមានបទពិសោធន៏ដឹកនាំក្លឹប ២០ឆ្នាំ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho គឺជាបុគ្គលដែលឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងនាមគ្រូបង្វឹកដែលដឹកនាំក្រុមប្រកួតនៅក្របខណ្ឌ Champion League បានច្រើនបំផុតគឺ ១៣៣ប្រកួត។ មុនឈានមកចាប់អាជីពជាគ្រូបង្វឹកលោក Jose Mourinho ធ្លាប់មានបទពិសោធន៏ធ្វើជាជំនួយការគ្រូបង្វឹកលោក Bobby Robson និង លោក Luis Van Gaal នៅក្លឹប Barcelona ។

លោក Mourinho វ័យ៥៥ឆ្នាំធ្លាប់បានជួយក្រុម Porto លើកពាន UEFA Champion League ជាលើកទី២នៅ ឆ្នាំ២០០៤ និង បានជួយក្រុមChelsea ឈ្នះពានPremier League ៣ដង និងក្រុមReal Madrid លើកពានLa Liga ហើយធ្លាប់បានជួយក្រុមInter Milan លើកពាន Champion League នៅឆ្នាំ២០១០ ជាលើកទី២ក្នុង អាជីពដឹកនាំ។

៣. Carlo Ancelotti

ឈរនៅចំណាត់ថ្នាក់ទី៣ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់បានដឹកនាំក្រុមលើកពាន Champion League ជាមួយក្លឹបពីរផ្សេងគ្នាបានចំនួនបីដងគឺ ១.AC.Milan ២សម័យ និង ២.Real Madrid ១សម័យផងដែរ ជាមួយការបង្ហាញខ្លួនដឹកនាំក្រុមនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប ១៥៤ប្រកួត។ ក្នុងនាមអតីតជាកីឡាករបាល់ទាត់ លោក Ancelloti ក៏មានប្រវត្តិជោគជ័យក្នុងអាជ័យ និងធ្លាប់ឈ្នះពានប្រកបដោយកិត្តិយសជាច្រើនផងដែរ។

៤. Arsene Wenger

គ្រូបង្វឹកចាស់វស្សាសញ្ជាតិបារាំងរូបនេះ បានដឹកនាំក្រុមកាំភ្លើងធំ Arsenal ២១ឆ្នាំមកហើយ គិតចាប់តាំងពី ឆ្នាំ១៩៩៦ និងកំលុងពេលរូបលោកចូលមកដឹកនាំក្រុមដំបូងគឺក្លឹបមិនមានកៅអីទៅលេងនៅពានរង្វាន់កំពូល ទ្វីបអឺរ៉ុបនេះទេ ប៉ុន្តែសរុបការដឹកនាំក្រុមនៅ Champion League លោក Wenger ធ្លាប់ដឹកនាំក្រុមបាន ១៧៨ប្រកួតឯណោះ និងឈរនៅចំណាត់ថ្នាក់លេខ២ ផងដែរ។ អ្នកចាត់ការទូទៅ វ័យ៦៩ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០០៦ ប៉ុន្តែមិនបានឈ្នះពានបានត្រឹមតែជើងឯករងប៉ុណ្ណោះ(Runner Up) ។

៥. Sir Alex Ferguson

អតីតគ្រូបង្វឹកក្រុម Aberdeen បានចូលមកដឹកនាំក្រុម Man.United ចាប់តាំងពីឆ្នាំ១៩៨៦ និងបានដឹកនាំ ក្រុមលើកពាន Champion League ២សម័យកាល(១៩៩៩ និង ២០០៨)ជាមួយការបង្ហាញខ្លួនដឹកនាំក្រុម បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត Champion League គឺ១៩០ដង។ អតីតអ្នកចាត់ការទូទៅឆ្នើមសញ្ជាតិស្កុតលេនដ៏ជោគជ័យរូបនេះ បានសម្រេចចិត្តចូលនិវត្តន៏ពីពិភពបាល់ទាត់កំពូលអង់គ្លេស និងទ្វីបអឺរ៉ុបនៅឆ្នាំ២០១៣ ក្រោយជួយបិសាចក្រហមលើកពាន Premier League ១៣ដង និងបានបណ្តុះបណ្តាលកីឡាករក្មេងៗឆ្នើមៗជាច្រើន ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77