v9

Real សង្ឃឹមអាចទប់ស្កាត់ Neymar ពេលប៉ះ PSG រាត្រីនេះ

1 week ago​ | ដោយ V-Dara

លោក Zinedine Zidane កំពុងតែសង្ឃឹមថា ការប្រកួតក្របខ័ណ្ឌ Champions League នឹងធ្វើឲ្យក្រុម Real Madrid វិលទៅរកទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេវិញ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯងមួយនេះ ត្រៀមទៅជួបក្រុមជើងខ្លាំង Paris Saint-Germain របស់ Neymar ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីនេះ។

Real កំពុងតែត្រដាបត្រដួសក្នុងក្របខ័ណ្ឌ La Liga នៅរដូវកាលនេះ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៤នៅលើតារាង និងដេញតាមពីក្រោយក្រុម Barcelona រហូតដល់ទៅ១៧ពិន្ទុ។ សម្រាប់ពួកគេ វានឹងអាស្រ័យទៅលើលទ្ធផលដែលពួកគេអាចធ្វើបានក្នុងក្របខ័ណ្ឌអឺរ៉ុប ក្រោយពីពួកគេបានជួបភាពជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Real Madrid គឺជាម្ចាស់ជើងឯក១២សម័យកាល និងជាម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌ Champions League ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ទម្រង់លេងរបស់ពួកគេក្នុងយុទ្ធនាការក្នុងស្រុក បានបង្កើតឲ្យមានភាពស្រពេចស្រពិលជុំវិញអនាគតរបស់លោក Zidane ហើយ PSG កំពុងតែផ្តល់ការបារម្ភដល់ Real ក្រោយពីពួកគេបានចុះហត្ថលេខាជាមួយនឹង Neymar ពីក្លិប Barcelona ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក។

លោក Zidane បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ខ្ញុំមិនគិតពីអនាគតរបស់ខ្ញុំឡើយ។ ខ្ញុំគិតតែទៅលើការប្រកួតនេះប៉ុណ្ណោះ។ ខ្ញុំត្រឹមតែអាចគ្រប់គ្រងអ្វីដែលកើតឡើងលើទីលាន និងត្រៀមសម្រាប់ការប្រកួតប៉ុណ្ណោះ»។ ការប្រកួតនេះ នឹងនាំឲ្យខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ត្រូវប៉ះជាមួយនឹងតារាឆ្នើមទើបទើបតែរះ Neymar ក្នុងការប្រកួតមួយរវាងក្រុមយក្សពីរប្រចាំទ្វីបអឺរ៉ុប។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ New Straits Times

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77