v9

បងប្អួនត្រកូល«ហេង» ឈ្នះមេដាយមាស និងប្រាក់ ពីការប្រណាំងកង់ជើងឯកអាស៊ី ឲ្យកម្ពុជា ជាប្រវត្តិសាស្រ្ត

9 months ago​ | ដោយ V-Dara

កីឡាការិនីប្រណាំងកង់ជម្រើសជាតិកម្ពុជា ហេង ស៊ីវឡាង និងបងស្រីរបស់គាត់ ហេង ស៊ីវហ្គិច បានរួមគ្នាបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តថ្មីឲ្យសហព័ន្ធខ្មែរកីឡាទោចក្រយាន្ត តាមរយៈការដណ្តើមបានមេដាយមាស១ និងប្រាក់១ ពីការប្រកួតកីឡាប្រណាំងកង់ជើងឯកអាស៊ី Asian Road & Para Cycling Championship 2018 នៅប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ម្សិលមិញ។

នៅក្នុងការប្រកួត ដែលមានប្រទេសជាង២០ចូលរួមនោះ កីឡាការិនី ហេង ស៊ីវឡាង បានឈ្នះមេដាយមាស លើវិញ្ញាសាប្រកួតអាយុ៣៥ឆ្នាំឡើង លើរយៈចម្ងាយ២២គីឡូម៉ែត្រ ហើយកីឡាការិនី ហេង ស៊ីវហ្គិច បានឈ្នះមេដាយប្រាក់ លើវិញ្ញាសានេះដែរ ប៉ុន្តែកីឡាករជិះកង់របស់កម្ពុជា៣នាក់ទៀត មិនដណ្តើមបានមេដាយនោះទេ។

សម្រាប់ការនាំមេដាយមាស និងមេដាយប្រាក់ ពីការប្រកួតជើងឯកអាស៊ី មកកាន់មាតុប្រទេសវិញ កាលពីយប់ម៉ោង១១ ថ្ងៃចន្ទម្សិលមិញ ហេង ស៊ីវឡាវ និង ហេង ស៊ីវហ្គិច រួចជាមួយប្រតិភូកីឡាប្រណាំងកម្ពុជាផ្សេងទៀត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក នុត សាអាន ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន្ត រួមជាមួយមន្រ្តីកីឡា ក្រុមអត្តពលិកកីឡាជិះកង់ ពិសេសក្រុមគ្រួសាររបស់ពួកគាត់តែម្តង។

ហេង ស៊ីវឡាវ ដែលបានជាប់ជាជម្រើសជាតិតាំងពីឆ្នាំ២០១៣មកនោះ បាននិយាយពេលធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃចន្ទម្សិលមិញនោះថា៖ «ការព្យាយាមហ្វឹកហាត់ជាប្រចាំ វាជាចំណុចដ៏ចម្បងដែលនាំឲ្យខ្ញុំឈ្នះបានមេដាយមាស នោះពេលនេះ ហើយខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងបំផុត ចំពោះការឈ្នះបានមេដាយមាសនេះ ព្រោះវាបានសម្រេចនៅក្តីបំណងរបស់ខ្ញុំ»។

ចំណែកឧត្តមសេរនីយ៍ត្រី ឧកញ៉ា វង្ស ខាន់ពៅ ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន្ត និងជាស្វាមីរបស់អ្នកស្រី ហេង ស៊ីវឡាង ផងនោះ បានថ្លែងថា៖ «នេះជាប្រវត្តិសាស្រ្តលើកដំបូង ដែលសហព័ន្ធខ្មែរកីឡាទោចក្រ បានឈ្នះមេដាយមាសពីការប្រកួតជើងឯកអាស៊ី តាំងពីសហព័ន្ធមួយនេះ បានបង្កើតឡើង ហេតុនេះវាជាមោទនភាពខ្លាំងបំផុតសម្រាប់កម្ពុជាយើង»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.