v9

ធឿន ធារ៉ា បន្តឈ្នះនៅ Max Muay Thai ឯ ឡៅ ចន្ទ្រា ផ្តួលថៃត្រឹមទឹកទី៣

2 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជាទាំង២នាក់ គឺ ធឿន ធារ៉ា និង ឡៅ ចន្ទ្រា សុទ្ធតែបានបង្ហាញភាពខ្លាំង ក្នុងការប្រកួត កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះ ធារ៉ា បានបន្តឈ្នះក្នុងកម្មវិធី Max Muay Thai នៅប្រទេសថៃ ឯ ចន្ទ្រា បានផ្តួលថៃ ក្នុងការប្រកួតបើកឆាកដណ្តើមពានអន្តរជាតិ នៅសង្វៀន CNC។

សម្រាប់ការប្រកួត កាលពីយប់ថ្ងៃអាទិត្យនោះ កីឡាករមានដើមកំណើតនៅខេត្តព្រៃវែង ធឿន ធារ៉ា បានធ្វើឲ្យអ្នកគាំទ្រយ៉ាងច្រើនរបស់កីឡាករម្ចាស់ផ្ទះ Surarit Petchnongkee ស្ថិតក្នុងភាពស្ងៀមស្ងាត់ ព្រោះក្នុងការប្រកួតនេះ ធារ៉ា បានគ្រប់គ្រងការប្រកួតយ៉ាងល្អ ក្នុងការតាមវាយលុកទៅលើ Surarit

តាមរយៈការប្រកួតត្រឹម៣ទឹកនោះ ធឿន ធារ៉ា បានយកប្រៀបលើ Surarit ចំនួន២ទឹកដាច់ ដោយរូបគេបានតាមម៉ាត់ បុកកែង និងបុកជង្គង់បានល្អ។ យ៉ាងណាក៏ដោយ នៅទឹកទី៣ ធារ៉ា បានជួបការហេវហត់ និងលំបាកច្រើន ខណៈ Surarit បានព្យាយាមវាយបកដោយកណ្តាប់ដៃ កែង ពិសេសបុកជង្គង់សងមកវិញយ៉ាងរន្ធើននោះ ប៉ុន្តែការ ធឿន ធារ៉ា នៅតែទទួលបានជ័យជម្នះ ដោយពិន្ទុ ក្នុងការប្រកួតនេះដដែល។

ដោយឡែកជើងខ្លាំង ឡៅ ចន្ទ្រា បានប្រើពេលត្រឹម៣ទឹកប៉ុណ្ណោះ ក្នុងការផ្តួលអ្នកប្រដាល់របស់ថៃ Chhan Chhai ក្នុងការប្រកួតបើកឆាកសន្សំពិន្ទុ ដណ្តើមពានរង្វាន់អន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ទម្ងន់៦៧គីឡូក្រាម នៅសង្វៀន CNC ប៉ុន្តែ មាស សុជាតិ បានចាញ់ថៃ Noeng Trakan ដោយពិន្ទុដាច់តែម្តង។

តាមរយៈការប្រកួតនោះ បានតាមចូលចាប់បុកជង្គង់ និងវាយកែង យកប្រៀប Chhan Chhai ជាបន្តបន្ទាប់ ជាពិសេសនៅទឹកទី២ ឡៅ ចន្ទ្រា បានម៉ាត់ឆ្វេង ស្តាំ ចូលពេញៗ រួចថែមមួយជង្គង់ បណ្តាលឲ្យ Chhan Chhai ដួលដេក និងត្រូវអាជ្ញាកណ្តាលរាប់ជាលើកទី១ ហើយចុងទឹកដដែលនេះ ចន្ទ្រា បានវាយកែង Chhan Chhai ដួលទាំងវង្វេង និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២។

ឈានចូលទឹកទី៣ ឡៅ ចន្ទ្រា បានទទួលរងការឈឺចាប់យ៉ាងខ្លាំង នៅពេល Chhan Chhai បានជ្រុលជើងទាត់ចំប្រដាប់ការពារពងស្វាសរបស់គេ ពេញមួយទំហឹងនោះ ហើយជាមួយភាពឈឺចាប់នេះ ចន្ទ្រា បានតាមចាប់បុកជង្គង់ និងវាយកែងចំថ្គាម បណ្តាលឲ្យ Chhan Chhai ដួលទាំងអាការវង្វេង ជាហេតុនាំឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតរបស់គេតែម្តង។

ការយកឈ្នះ Chhan Chhai ត្រឹមទឹកទី៣នេះ បានជួយឲ្យ ឡៅ ចន្ទ្រា ឡើងទៅឈរនៅលេខ១ប្រចាំពូលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងការប្រកួតសន្សំពិន្ទុ លើកទី១នេះ ដោយបានទម្លាក់ ឆៃ សារ៉ា ដែលបានយកឈ្នះឡាវ Phan Chhai ដោយពិន្ទុ កាលពីសប្តាហ៍មុន មកឈរនៅលេខរៀងទី២វិញ រីឯ មាស សុជាតិ និង ពុទ្ធ ឆាយរិទ្ធី មាន១ពិន្ទុ ជាមួយការចាញ់កីឡាករថៃ ក្នុងការប្រកួតបើកឆាកនេះដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77