v9

បឹងកេត ទៅជួបក្រុមខ្លាំងរបស់ហ្វីលីពីន ទាំងគ្មានវត្តមានខ្សែប្រយុទ្ធទាំង២ របស់នីហ្សេរីយ៉ា

6 months ago​ | ដោយ V-Dara

ក្រុមបឹងកេត របស់កម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីធ្វើការប្រកួតជើងទី១ វគ្គចាប់ពូលនៃពានរង្វាន់ AFC Cup 2018 ជាមួយក្រុមខ្លាំងរបស់ម្ចាស់ផ្ទះ Ceres-Negros នៅល្ងាចថ្ងៃអង្គារ ខាងមុខនេះ។

សម្រាប់ការប្រកួតវគ្គចាប់ពូល(Group Stage) នេះ ក្រុមបឹងកេត បានសម្រេចដោះដូរខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ាពាក់លេខ៣០ Esoh Omogba ចេញ ដោយដាក់ជំនួសវិញដោយមិត្តរួមជាតិរបស់គេ Samuel Gbenga ដែលពាក់លេខ៩៩ ដើម្បីចូលរួមជួយក្រុមជាមួយខ្សែប្រយុទ្ធប្រេស៊ីល Maycon ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Julius Oiboh និងខ្សែបម្រើជប៉ុន Hikaru Mizuno។

យ៉ាងណាក៏ដោយ បើតាមលោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់ថា សម្រាប់ការប្រកួតក្រៅទឹកដីជើងទី១ ជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលហ្វីលីពីន ឆ្នាំ២០១៧ Ceres-Negros លើកនេះ គឺខ្សែប្រយុទ្ធទាំង២រូបជនជាតិនីហ្សេរីយ៉ា Julius Oiboh និង Samuel Gbenga មិនបានទៅប្រកួតដូចគ្នា ដោយសារអ្នកទាំង២មានបញ្ហាលើទិដ្ឋាការ។
លោក កែវ កុសល បានប្រាប់ មុនពេលធ្វើដំណើរទៅប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអាទិត្យនោះថា៖ «ចំពោះទិដ្ឋាការរបស់កីឡាករនីហ្សេរីយ៉ាទាំង២នេះ យើងមានតែច្បាប់ចម្លង ប៉ុន្តែខាងទូតហ្វីលីពីន គេទាមទារយកទិដ្ឋាការច្បាប់ដើម ហេតុនេះ Julius Oiboh និង Samuel Gbenga មិនអាចប្រកួតបានទេ ដោយសារតែការរៀបចំទិដ្ឋាការច្បាប់ដើមរបស់អ្នកទាំង២មិនទាន់។ អ៊ីចឹងយើងនៅសល់តែកីឡាករបរទេស២នាក់ទេ គឺ Maycon និង Hikaru Mizuno សម្រាប់ជួបក្រុមលើកនេះ»។

គួរបញ្ជាក់ថា ក្រុមទាំង៤ ដែលឈរនៅពូលFនេះ មានក្រុមជើងឯកលីកកំពូលហ្វីលីពីន Ceres-Negros ក្រុម Home United របស់សិង្ហបុរី និងក្រុមលេខ១លីកកំពូលមីយ៉ាន់ម៉ា Shan United និងក្រុមបឹងកេត ម្ចាស់ជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមកម្ពុជាមួយនេះ បានទម្លាក់កក្រុម Lao Toyota FC របស់ឡាវ តាមរយៈការយកឈ្នះ ៤-៣ ក្នុងការប្រកួតជម្រុះទាំង២ជើង ក្នុងវគ្គជម្រុះ Play off Stage កាលពីពេលថ្មីៗ កន្លងមកនេះ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.