v9
V9BET

ប្រធានគណៈកម្មការកីឡា និងស្រ្តី រំពឹងប្រើ Run For Love បញ្ជៀសភាពភ្លើតភ្លើនយុវជនខ្មែរ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់

1 year ago​ | ដោយ V-Dr

ប្រធានគណៈកម្មការកីឡា និងស្រ្តី លោកជំទាវ ម៉ក់ វណ្ណស៊ីថា បានបង្ហាញពីក្តីរំពឹងថា ការប្រឹងប្រែងរៀបចំឲ្យព្រឹត្តិការណ៍ ស្រ្តី និងកីឡា «រត់ដើម្បីក្តីស្រឡាញ់ ឬ Run For Love» ជាលើកទី៥ ឆ្នាំ២០១៨ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នឹងក្លាយជាចលករដ៏សំខាន់មួយ ក្នុងការអូសទាញ ក៏ដូចជាបញ្ជៀសភាពភ្លើតភ្លើនរបស់យុវជនខ្មែរមួយចំនួន ដែលយកថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ខាងមុខនេះថា ជាថ្ងៃបុណ្យសង្សា ត្រូវលះបង់ខ្លួនប្រាណឲ្យគូស្នេហ៍។

លោក ជំទាវ ម៉ក់ វណ្ណស៊ីថា ដែលជាអភិបាលរងសាលារាជធានីភ្នំពេញ ផងនោះ បានថ្លែងក្រោយបញ្ចប់កម្មវិធី រត់ដើម្បីក្តីស្រឡាញ់ កាលពីព្រឹកថ្ងៃអាទិត្យ នោះថា៖ «ព្រឹត្តិការណ៍ដែលយើងធ្វើ នៅថ្ងៃនេះ គឺយើងចង់ឲ្យយុវជន យុវនារី និងកុមារា កុមារីរបស់យើង យល់ពីក្តីស្រឡាញ់នៃវប្បធម៌ខ្មែរ ដែលមានជ្រាលជ្រៅ និងមានវប្បធម៌ល្អផូរផង់ ហើយចង់ឲ្យពួកគេបញ្ឈប់នូវទម្លាប់ណាដែលមិនល្អ ជាមួយនិងវប្បធម៌ដទៃទៀត ដែលជៀតចូលមកក្នុងវប្បធម៌របស់យើង»។

លោកជំទាវ ម៉ក់ វណ្ណស៊ីថា បានបន្ថែមថា៖ «នេះជាឆ្នាំទី៥ ដែលយើងបានធ្វើកិច្ចការនេះ។ ថ្វីដ្បិតតែការយល់ដឹង មិនទាន់ដល់កម្រិតខ្ពស់មែនទែន ប៉ុន្តែយើងគិតថា យើងមានមោទនភាព ចំពោះការចូលរួមរបស់គណៈកម្មការកីឡា និងស្រ្តី ក៏ដូចជាគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានសហការចូលរួម ដើម្បីរុញឲ្យសកម្មភាពនេះ ក្លាយទៅជាសកម្មភាពវប្បធម៌មួយរបស់យើង ដើម្បីសុខភាព ដើម្បីសន្តិភាព និងដើម្បីសេចក្តីស្រឡាញ់ ដែលពិតប្រាកដសម្រាប់វប្បធម៌ខ្មែរ»។

ភាពភ្លើតភ្លើន និងទង្វើអសីលធម៌ ប្រាសចាកពីទំនៀបទម្លាប់ខ្មែរ ដែលយុវជនសម័យថ្មី មួយចំនួន បានប្រព្រឹត្តនៅថ្ងៃបុណ្យនៃថ្លៃស្រឡាញ់ ដែលគេនាំគ្នាហៅមួយបែបទៀតថា បុណ្យសង្សា នោះ វាបាននឹងកំពុងធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាលគ្រប់រូប បានការបារម្ភចំពោះកូនៗរបស់ខ្លួន ដោយខ្លាចដើរតាមគន្លងមិនល្អទាំងនោះ។

ជាមួយនឹងក្តីបារម្ភនេះ បានធ្វើឲ្យចំនួនអ្នកចូលរួមក្នុងព្រឹត្តិការណ៍ ស្រ្តី និងកីឡា រត់ដើម្បីក្តីស្រឡាញ់ កាន់តែមានកំណើនកើនឡើង។ ជាក់ស្តែងនៅឆ្នាំ២០១៨នេះ មានមនុស្សជាង៣ពាន់នាក់ បានចូលរួមរត់កម្សាន្តក្នុងព្រឹត្តិការណ៍នេះ គឺមានការកើនឡើងជាងឆ្នាំមុនចូល៥០ភាគរយ ហើយអ្នកចូលរួមទាំងនេះ សុទ្ធតែចង់កែប្រែទម្លាប់មិនល្អ ដែលយុវជនខ្មែរមួយចំនួន នៅតែបន្តអនុវត្ត នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.