v9

សហព័ន្ធចំបាប់ បន្តចុះទៅពង្រឹងសមត្ថភាព អ្នកខេត្តពោធិ៍សាត់ ត្រៀមការប្រកួតកីឡាជាតិ លើកទី២

3 months ago​ | ដោយ V-Dara

មន្រ្តីជំនាញរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបន្តចុះទៅបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសពង្រឹងសមត្ថភាព ដល់សមាគមកីឡាចំបាប់នៅតាមខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងបទបញ្ជាផ្សេងៗដល់អ្នកនៅតាមខេត្ត ត្រៀមការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

ការបន្តទៅបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសពង្រឹងសមត្ថភាព នៅខេត្តពោធិ៍សាត់ ត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨នេះ គឺបន្ទាប់ពីក្រុមជំនាញរបស់ចំបាប់ ដែលដឹកនាំដោយលោក ធិន វិចិត្រ មួយក្រុមនេះ បានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មុននេះ។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង សម្រាប់ពង្រឹងសមត្ថភាពដល់សមាគម និងក្លិបចំណុះឲ្យសហព័ន្ធ នៅតាមខេត្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី២ ខាងមុខនេះ។

លោកបានបន្តថា៖ «យើងចង់ជំរុញឲ្យសមាគមកីឡាចំបាប់នៅតាមខេត្ត ចេះរៀបចំផែនការយុទ្ធសាស្រ្ត ឲ្យបានច្បាស់លាស់ និងពង្រឹងសមត្ថភាព បច្ចេកទេស ឲ្យបានល្អ ត្រៀមកីឡាជាតិ លើកទី២ ហើយតាមរយៈវគ្គនេះ ក្រុមការងាររបស់យើង បានប្រាប់ឲ្យពួកគាត់បានដឹង និងយល់ ពីបទបញ្ជាចុងក្រោយរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ដើម្បីចៀសវាងការបង្កើតឲ្យមានកំហុស ក្នុងពេលប្រកួតកីឡាជាតិ ក៏ដូចជាការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត»។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបច្ចេកទេសពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពី NOCC និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថមថវិកាទាំងស្រុងពីលោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ហើយវគ្គនេះ ក្រៅពីការសិក្សាទៅលើទ្រឹស្តី ក៏មានការធ្វើតេស្ត រកអត្តពលិកវ័យក្មេង មានសមត្ថភាព នៅតាមខេត្តនីមួយៗ ដើម្បីយកមកដាក់ហ្វឹកហាត់ ជាមួយក្រុមថ្នាល សម្រាប់ត្រៀមទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77