v9

មនុស្សរាប់ពាន់នាក់ ចូលរួមរត់ ដើម្បីបញ្ចៀសយុវជនកុំឲ្យប្រព្រឹត្តរឿងខុស នៅថ្ងៃនៃក្តីស្រឡាញ់

3 months ago​ | ដោយ V-Dara

មនុស្សជាង ៣០០០នាក់ ត្រូវបានមន្រ្តីកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអះអាងថា បានចុះឈ្មោះរួចរាល់ហើយ ត្រៀមចូលរួមរត់កម្សាន្ត ក្នុងទិវាស្រ្តី និងកីឡា រត់ដើម្បីសេចក្តីស្រឡាញ់ ឆ្នាំ២០១៨ នៅកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីបញ្ចៀសយុវជនខ្មែរមួយចំនួន កុំឲ្យយកថ្ងៃនេះ ទៅប្រព្រឹត្តខុសប្រពៃណីរបស់ខ្មែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែង ក្នុងសន្និសីទកាសែតស្តីទិវារត់ដើម្បីសេចក្តីស្រឡាញ់នេះ កាលពីថ្ងៃពុធថា៖ «ការបង្កើត ឲ្យមានព្រឹត្តិការណ៍កីឡារត់ប្រណាំង លក្ខណៈកម្សាន្តនេះ គឺដើម្បីជំនួសការយល់ច្រឡំរបស់យុវវ័យមួយចំនួន ដែលចាត់ទុកថ្ងៃនៃក្តីស្រឡាញ់នេះថា ជាបុណ្យសង្សារ»។

លោកបានបន្ថែមថា៖ «ការឲ្យនិយមន័យខុស ឬបកស្រាយខុសចំពោះថ្ងៃនៃក្តីស្រឡាញ់នេះ នាំឲ្យយុវជនរបស់យើងមួយចំនួន បានបណ្តាតបណ្តោយខ្លួន និងប្រព្រឹត្តខុសប្រពៃណី ក្នុងថ្ងៃនេះ អ៊ីចឹងហើយបានជារាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិ ជាច្រើន បានយកចិត្តទុកដាក់លើបញ្ហានេះ និងបានយកទិវានេះ មកពន្យល់ និងអប់រំដល់យុវវ័យឲ្យយល់ច្បាស់ពីថ្ងៃនៃក្តីស្រឡាញ់ពិតប្រាកដ ហើយយកថ្ងៃនេះ មកលេងកីឡាកម្សាន្ត ជំនួយការប្រព្រឹត្តិខុសប្រពៃណី»។

ជុំវិញចំនួនអ្នក ដែលត្រូវចូលរួមក្នុងទិវារត់ ដើម្បីសេចក្ដីស្រឡាញ់ នាឆ្នាំ២០១៨នេះ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា នៅឆ្នាំនេះ មានអ្នកចូលរួមកើនឡើងខ្ពស់ជាងកាលពីបណ្ដាឆ្នាំកន្លងទៅ ដោយគិតត្រឹមថ្ងៃនេះ(ថ្ងៃពុធ) មានអ្នកចូលរួមចុះឈ្មោះរួចរាល់រត់បានចំនួន៣.២៤៨នាក់ទៅហើយ ខណៈកាលពីរឆ្នាំកន្លងទៅមាន១០០០នាក់ និងជាង ២០០០នាក់ប៉ុណ្ណោះ។

លោកបានសង្កត់ធ្ងន់ថា៖ «ការកើនឡើងអ្នកចូលរួមរត់ដើម្បីសេចក្តីស្រឡាញ់ នៅឆ្នាំនេះ អាចបញ្ជាក់បានថា ថ្ងៃនៃសេចក្ដីស្រឡាញ់ មិនមែនជាថ្ងៃបុណ្យសង្សារ ហើយបបួលគ្នាចូលផ្ទះសំណាក់នោះទេ។ ហេតុនេះ នៅឆ្នាំលើកក្រោយៗ យើងនឹងបង្កើនព្រឹត្តិការណ៍នេះ ឲ្យដល់បណ្ដាខេត្តនានាជាពិសេសតំបន់ ជនបទ ដែលមានយុវវ័យមួយចំនួន នៅមិនទាន់យល់ពីទិវាបុណ្យនៃសេចក្ដីស្រឡាញ់ ពិតប្រាកដ»។

ទិវារត់ដើម្បីសេចក្ដីស្រឡាញ់ នាថ្ងៃ១៤ ខែកុម្ភៈនេះ គឺមានការដាក់ឲ្យរត់ប្រណាំងបែបកម្សាន្ត នៅលើវិញ្ញាសារត់៣គីឡូម៉ែត្រ សម្រាប់អាយុ១៧ឆ្នាំចុះ និងរត់៥គីឡូម៉ែត្រសម្រាប់អាយុ១៨ឆ្នាំឡើង។
ជាមួយគ្នានោះ មានវិញ្ញាសាដើរ២០០ម៉ែត្រ អមដោយល្បែង ប៉េងប៉ោងជាគូ ព្រមទាំងល្បែងសប្បាយៗមួយចំនួនទៀត ហើយកម្មវិធីត្រូវបានរៀបចំដោយគណៈកម្មការស្ត្រី និងកីឡាអមNOCC សាលារាជនីភ្នំពេញ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទស្មាត និងស្រាបៀរកម្ពុជា៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77