v9

កាលពីយប់មិញ ប្រធាន FIFA លោក Infantino បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជាហើយ

8 months ago​ | ដោយ V-Dara

ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានធ្វើដំណើរមកដល់កម្ពុជា ហើយនាយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មុន «កិច្ចប្រជុំកំពូលសមាជិកប្រតិបត្តិ» នឹងត្រូវធ្វើឡើងនាថ្ងៃសុក្រនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភោគីត្រា។

នេះជាលើកទី១ហើយសម្រាប់ប្រធាន FIFA ថ្មីលោក Infantino ធ្វើដំណើរទស្សនកិច្ច និងជ្រើសរើសព្រះរាជាណាចក្រ កម្ពុជា ជាទីតាំងសម្រាប់ប្រជុំថ្នាក់កំពូល «FIFA Executive Football Summit 2018» រយៈពេល ១ថ្ងៃពេញដោយ មានសមាជិកប្រតិបត្តិមកពីទាំង ៥ទ្វីប រួមមានកម្ពុជាផងដែរចូលរួមក្នុងកិច្ចប្រជុំ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់ Khmer Talking។

លោក ខៀវ សាម៉េត ដែលទៅទទួលផ្ទាល់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា នេះជាលើកទី១ ដែលកម្ពុជាត្រូវបានជ្រើសរើសនៃកិច្ចប្រជុំកំពូលនេះ ដែលអាចជាការរឹតចំណងបណ្តាសហព័ន្ធដទៃ និងអាចដោះស្រាយផលលំបាកនានាបាន ដែលកម្ពុជាធ្លាប់ស្នើទៅ FIFA នាពេលកន្លងមក។

សូមរំលឹកផងដែរថា ប្រមុខដឹកនាំ FIFA ចាស់លោក Sepp Blatter ក៏ធ្លាប់មកទស្សនកិច្ចកម្ពុជាផងដែរកាលពី ១៧ឆ្នាំមុន មុនលោកត្រូវបានអស់តំណែងធំក្នុងស្ថាប័នដែលមិនគិតពីប្រាក់កំរៃមួយនេះកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយបោះឆ្នោតចាញ់គូប្រជែងជនជាតិស្វីសដូចគ្នា លោក Gianni Infantino ក្នុងចំណោមតារាបាល់ទាត់ ល្បីៗមានដូចជា Bobby Charlton, Deco និង David Beckham សុទ្ធតែធ្លាប់មកកម្ពុជាដូចៗគ្នា៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ KhmerTalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.