v9

ឡៅ ចន្ទ្រា សង​សឹក​ជើង​ខ្លាំង​ថៃ បាន​សម្រេច នៅ​បាយ័ន​ រីឯ ឆៃ សារ៉ា ​ឈ្នះ​៣ពិន្ទុ​មុនគេ នៅ CNC

6 months ago​ | ដោយ Cambosport_Admin

​កីឡាករ​កម្ពុជា ឆៃ សារ៉ា និង ពុទ្ធ ឆាយរិទ្ធី ទទួល​បាន​លទ្ធ​ផល​ខុស​គ្នា ក្នុង​ការ​ប្រកួត​​បើក​ឆាក​ដណ្តើម​ពាន​រង្វាន់​កំពូល​អ្នក​ប្រដាល់កណ្តាប់ដៃដែក ISI PALM​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម នៅ​​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​អាទិត្យ រីឯ ឡៅ ចន្ទ្រា ដែល​ជា​បេក្ខភាព​ត្រូវ​ប្រកួត​ពាន​នេះ​ដែរ បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ដើម្បី​សម្រេច​ការ​សង​សឹក​របស់​ខ្លួន។

សម្រាប់​ការ​ប្រកួត​ កាល​ម្សិល​មិញនោះ ឆៃ សារ៉ា ដែល​មាន​ប្រៀប​ផ្នែក​​កម្ពស់​នោះ ​បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ឡាវ Phanchhai ដោយ​ពិន្ទុ​ដាច់ ហើយ​​នៅ​មុន​ការ​ប្រកាសឲ្យ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នេះ ឆៃ សារ៉ា ក៏​បានទាត់ Phanchhai ឲ្យ​មាន​របួស​ជើង​ឆ្វេង និង​ត្រូវបាន​អាជ្ញា​កណ្តាល​រាប់​ចំនួន​២​លើក នៅ​ទឹក​ទី​៥ ផង​ដែរ។

ចំណែក ពុទ្ធ ឆាយរិទ្ធី ​បាន​ព្យាយាម​វាយ​បក​ជាមួយ​​ជើង​ខ្លាំង​របស់​​ថៃ Noengtrakan យ៉ាង​ស្វិតស្វាញ​បំផុត តាម​រយៈ​ការ​ទាត់ ម៉ាត់ វាយ​កែង និង​ការ​ប្តូរ​ជង្គង់​គ្នា ប៉ុន្តែ Noengtrakan ​បាន​យក​​​ប្រៀប​លើ ពុទ្ធ ឆាយ​រិទ្ធី លើ​ការ​បុក​ជង្គង់ ដើម្បី​យក​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដែរ។

ជាមួយ​លទ្ធ​ផល​នេះ​ ឆៃ សារ៉ា ទទួល​បាន​៣ពិន្ទុ នឹង​បាន​ឡើង​ ទៅ​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូល​កម្ពុជា ជា​បណ្តោះ​អាសន្ន ប៉ុន្តែ ពុទ្ធ ឆាយរិទ្ធី បាន​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​៤​ក្រោម​គេ។ រីឯ Noengtrakan ​បាន​ឈរ​នៅលេខ​១​ពូល​ខាង​បរទេស​ជា​បណ្តោះ​អាសន្ន លើ​កីឡាករ​ថៃ និង​ឡាវ ចំនួន​៣​នាក់​ទៀត។

ដោយ​ឡែក ជើង​ខ្លាំង ឡៅ ចន្ទ្រា ដែល​ជា​បេក្ខភាព​មួយ​រូប ត្រូវ​បានប្រកួត​ពាន​រង្វាន់​អន្តរជាតិ​នេះ​ដែរ បាន​យក​ឈ្នះ​ជើង​ខ្លាំង​វ័យ​ចាស់​របស់​ថៃ Fasurak​ នៅ​សង្វៀន​បាយ័នស្ទឹង​មាន​ជ័យ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ ផងដែរ ដើម្បី​សម្រេច​ការ​សង​សឹក​ចំពោះ​​ការ​ចាញ់ Fasurak​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

តាម​រយៈ​ជ័យ​ជម្នះ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ឡៅ ចន្ទ្រា បាន​នឹង​កំពុង​ពង្រឹង​ការ​ហ្វឹក​ហាត់​បាន​យ៉ាង​ល្អ ដើម្បី​​ត្រៀម​ការ​ប្រកួតសន្សំពិន្ទុ ​ដណ្តើម​ពាន​រង្វាន់​អន្តរជាតិ​​កំពូល​អ្នក​ប្រដាល់កណ្តាប់ដៃដែក ISI PALM ដោយ​រូប​គេ នឹង​ត្រូវ​​ប្រកួត​បើក​ឆាក​ជាមួយ​កីឡាករ​ឡាវ Chanchai នៅ​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.