v9
V9BET

NOCC មិនប្តូរប្រធាន និងបន្ថែមទីព្រឹក្សារហូតដល់ ៩នាក់ ក្នុងអាណត្តិទី៧ ថ្មី

1 year ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្តចូលអាណត្តិទី៧ថ្មី សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយតាមរយៈការបោះឆ្នោត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ នៅតែទទួលបានការគាំទ្រឲ្យធ្វើជាប្រធាន។

បន្ថែមលើនេះតួនាទីសំខាន់ចំនួន២ទៀត គឺអគ្គលេខាធិការ និងអគ្គហេរញ្ញឹក នៅតែគ្មានការផ្លាស់ប្តូរដូចគ្នា ដោយក្នុងនោះ លោក វ៉ាត់ ចំរើន នៅតែបន្តធ្វើជាអគ្គលេខាធិការ ហើយលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នៅតែបន្តធ្វើជាអគ្គហេរញ្ញឹក ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ ក៏បន្តធ្វើជាអគ្គលេខាធិការរង ផងដែរ។

ប៉ុន្តែលោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដែលជាអនុប្រធានទី១ កាលពីអាណត្តិទី៦ ព្រមទាំងលោកឧកញ៉ា រ័ត្ន សាខន ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ ត្រូវបានផ្លាស់ប្តូរតួនាទី ឲ្យទៅធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ NOCC ក្នុងអាណត្តិទី៧ថ្មីនេះវិញ ជាមួយទីប្រឹក្សាចំនួន៩នាក់ទៀត។

តាមរយៈការដោះដូរសមាសភាពរបស់លោក នុត សាអាន និងលោកឧកញ៉ា រ័ត្ន សាខន នេះ NOCC បានបញ្ចូលសមាសភាព ក្នុងគណៈកម្មធិការប្រតិបត្តិអាណត្តិថ្មីនេះចំនួន២នាក់ គឺលោក ជា បូរ៉ា និងលោក មៀច សុផាន់ណា ដោយអ្នកទាំង២នេះ មានតួនាទីជាសមាជិក។

ចំណែកលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានតែងតាំងជាអនុប្រធានទី១ ជំនួសលោក នុត សាអាន ឯលោក ថាង ហ្គោដុន និងលោក អ៊ុក សិទ្ធិជាតិ ជាអនុប្រធាន ហើយលោកជំទាវ ម៉ក់ វណ្ណស៊ីថា និងលោក សំ សោភាន់ ជាសមាជិក។

ដោយឡែកឥស្សរជនសំខាន់ៗចំនួន៩នាក់ ដែល NOCC បានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ ក្នុងអាណត្តិថ្មីនេះ រួមមានលោក នុត សាអាន លោកឧកញ៉ា រ័ត្ន សាខន និងលោកឧកញ៉ា ឈិន យ៉ុងសៀង។ ចំណែកលោកឧកញ៉ា ទ្រី ភាព លោកឧត្តមសេនីយ៍ ម៉ក់ សំអុល លោក Supachai Varapuchong(អតីតឯកអគ្គរាជទូតថៃ) លោកបណ្ឌិត មាម រ៉ា និងលោក ភោគ ចន្ថា ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ NOCC ក្នុងអាណត្តិថ្មី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ នេះដែរ៕

កែសម្រួលដោយ៖ ​Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.