v9
V9BET

អាណត្តិទី៧ថ្មីរបស់ NOCC នឹងមានការផ្លាស់ប្តូរសមាភាពសមាជិកប្រតិបត្តិ

1 year ago​ | ដោយ V-Dr

មហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្តចូលអាណត្តិទី៧ថ្មី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលកំពុងដំណើរការនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងមានការផ្លាស់ប្តូរសមាជិកប្រតិបត្តិ។

តាមកម្មវិធីនៃមហាសន្និបាទបញ្ចប់អាណត្តិចាស់ បន្តទៅអាណត្តិទី៧ ដែលបានធ្វើតាំងពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបតនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ គឺគណៈកម្មាធិការប្រតិបត្តិចាស់ ត្រូវបានប្រកាសរំសាយ កាលពីព្រឹកមិញនេះ ដើម្បីបើកផ្លូវបោះឆ្នោតរកគណៈកម្មាធិការប្រតិបត្តិថ្មី ដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃនេះ។

យ៉ាងណាក៏ដោយ បើតាមប្រភពច្បាស់ការបានឲ្យដឹងថា សម្រាប់ការបោះឆ្នោតអាណត្តិថ្មីនេះ នឹងមានការផ្លាស់ប្តូរសមាជិកប្រតិបត្តិ២រូប ព្រោះលោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាទោចក្រយាន និងលោក រ័ត្ន សាខន ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលាឈប់ពីតួនាទីជាសមាជិកប្រតិបត្តិ NOCC ហើយ។

ទាក់ទងទៅនឹងបញ្ហានេះ លោកឧកញ៉ា រ័ត្ន សាខន បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ខ្ញុំមិនបានឈរឈ្មោះ ជាសមាជិកប្រតិបត្តិអាណ្ណតិទី៧ថ្មីនេះទៀតទេ ដោយសារមានគេប្រាប់ខ្ញុំ ឲ្យធ្វើជាទីប្រឹក្សាជាន់ខ្ពស់អូឡាំពិកកម្ពុជាវិញ»។

ទោះបីជាយ៉ាងណា ចំពោះតំណែងដ៏សំខាន់ចំនួនពីរ គឺប្រធាន និងអគ្គលេខាធិការនៃអគ្គកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានគេវាយតម្លៃ និងសន្និដ្ឋានថា មិនអាចផ្លាស់ប្តូរបានពីព្រោះគ្មានគូប្រកួតប្រជែង ហេតុនេះតួនាទីជាប្រធាន អាចនឹងបានទៅលោក ថោង ខុន ដដែល ហើយអគ្គលេខាធិការ នឹងបានទៅលើលោក វ៉ាត់ ចំរើន ដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.