v9

គ្រូបង្វឹកថ្មីរបស់បឹងកេត ត្រៀមកែប្រែចំណុចខ្សោយរបស់ក្រុម ពេលប៉ះក្រុមឡាវ ល្ងាចនេះ

9 months ago​ | ដោយ V-Dara

លោក កែវ កុសល ដែលទើបត្រូវបានតែងតាំងជាគ្រូបង្គោល ដឹកនាំក្រុមបឹងកេត ក្នុងការប្រកួតពានរង្វាន់ AFC Cup 2018 បានប្រាប់ឲ្យកូនក្រុមទាំងអស់ ត្រៀមខ្លួនក្នុងការកែប្រែនូវចំណុចខ្វះខាត ក្នុងពេលក្រុមបឹងកេត ត្រូវប្រកួតជម្រុះវគ្គ Play-off Round ជាមួយក្រុម Lao Toyota នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ។

នៅក្នុងការប្រកួតវគ្គជម្រុះ Play-off Round ជើងទី១ លើកទឹកដីខ្លួនឯងនេះ លោក កែវ កុសល ត្រៀមកែប្រែក្រុមបឹងកេត តែ ២ចំណុចប៉ុណ្ណោះ ចំណែកអ្វីៗផ្សេងទៀតរក្សាទុកនៅដដែល ដោយសារតែលោកទើប មកដឹកនាំក្រុមបឹងកេត ជំនួសលោក ហៅ សុជាតិ មិនទាន់បានមួយសប្តាហ៍ស្រួលបួលទេ។

លោកបាននិយាយ ក្នុងសន្និសីទកាសែត នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញថា៖ «ខ្ញុំទើបត្រូវបានតែងតាំងមកដឹកនាំក្រុមទេ ដូច្នេះខ្ញុំអត់ទាន់មានផែនការផ្លាស់ប្តូរអ្វីច្រើន ក្នុងក្រុមនេះទេ មានន័យថា ខ្ញុំនឹងរក្សាប្រព័ន្ធលេងក៏ដូចជាកលល្បិចរបស់ក្រុម ដែលក្រុមធ្លាប់ធ្វើបានល្អកន្លងមក នៅដដែល គឺខ្ញុំគ្រាន់តែបន្ថែមនៅចំណុចខ្វះខាតរបស់ក្រុមខ្លះៗប៉ុណ្ណោះ»។

លោក កុសល បានបញ្ជាក់ថា៖ «ចំណុចខ្សោយរបស់ក្រុម គឺនៅពេលដែលយើងប្រយុទ្ធទៅលើគេ និងពេលយើងបាត់បាល់ គឺយើងចុះការពាររាងយឺតបន្តិច អ៊ីចឹងយើងទាមទារឲ្យក្រុមរបស់យើងមានស្មារតី ត្រូវចុះមកការពារឲ្យបានលឿនបំផុត នៅពេលដែលយើងបាត់បាល់ គឺចុះទាំងអស់គ្នាតែម្តង មិនមែនចុះមកតែម្នាក់ ឬ២ទៅ៣នាក់នោះទេ»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.