v9

កីឡាករឆ្នើម ៥រូបដែលក្រុម Arsenal បណ្តោយអោយចាកចេញពីក្លឹបទាំងគ្មានស្តាយស្រណោះ

4 months ago​ | ដោយ V-Dara

Arsenal បានក្លាយជាក្រុមដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ថាមានការទិញ និងលក់ដូរកីឡាករសកម្មបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ យុទ្ធសាស្រ្តផ្លាស់ប្តូរកីឡាកររបស់ក្រុមរហស្សនាមកាំភ្លើងធំ កាន់តែអាក្រក់ទៅៗ ខណៈកីឡាករឆ្នើមមួយចំនួនត្រូវបានក្លឹបអនុញ្ញាតិអោយចាកចេញពីក្រុម ក្រោយពីបានអភិវឌ្ឍខ្លួនលេងដល់កំរិតកំពូល និងមួយចំនួនទៀតដោយសារចង់ស្វែងរកបទពិសោធន៏នៅក្លឹបថ្មី ព្រមជាមួយប្រាក់ពលកម្មច្រើនសន្ធឹកសន្ធាប់។ កាលពីថ្ងៃចន្ទ ទី២២ មករា ២០១៨ កន្លងមកនេះ ការចាកចេញពីក្លឹប Arsenal ទៅកាន់កីឡាដ្ឋាន Old Trafford គឺជាគំរូចុងក្រោយដែលក្លឹបសម្រេចអោយរូបគេចាកចេញ ក្រោយការបរាជ័យក្នុងការចរចារលើកកិច្ចសន្យាថ្មី គោលបំណងដើម្បីជៀសវាងការផ្ទេរដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់រដូវកាល។

ខាងក្រោមនេះជាកីឡាករទាំង ៥រូប ដែលគ្រូបង្វឹកលោក Arsene Wenger បណ្តោយអោយចាកចេញពីក្រុមនាពេលកន្លងមក៖

១. Robin van Persie

Van Per Sie បានចាកចេញពីក្រុម Arsenal ដើម្បីទៅចូលរួមជាមួយក្រុម Man.United នៅឆ្នាំ២០១២ និងបានទទួលជោគជ័យលើកដំបូងក្នុងការឈ្នះពាន Premier League លើកដំបូង ក្រោយចំណាយពេលលេងអោយក្រុម Arsenal ៨រដូវកាលអតីតកីឡាករក្រុមជម្រើសជាតិហូឡង់រូបនេះ បានត្រឹមតែឈ្នះពាន FA Cup និង Community Shield ប៉ុណ្ណោះ។

២. Francesc Fabregas

ក្រោយចំណាយពេល ៨ឆ្នាំ អតីតប្រធានក្រុម Arsenal រូបនេះបានសម្រេចចិត្តចាកចេញពីក្រុមត្រលប់ទៅក្លឹប Barcelona នាឆ្នាំ២០១១ ដែលជាទីកន្លែងធ្លាប់បណ្តុះបណ្តាលរូបគេកាលពីនៅកុមារភាព។ ប៉ុន្តែនៅឆ្នាំ២០១៤ លោកJose Mourinho បាននាំ Fabregas វិលត្រលប់មកកាន់ក្លឹប Chelsea ហើយបន្តលេងអោយក្រុមរហូតដល់បច្ចុប្បន្ន។

៣. Samir Nasri

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ ធ្លាប់ចំណាយពេលលេងអោយក្រុម Arsenal នៅចន្លោះឆ្នាំ២០០៨-២០១១ និងបានបង្ហាញទម្រង់លេងលេចធ្លោនៅរដូវកាល ២០១០-២០១១ ព្រមជាមួយការរកគ្រាប់ ១០គ្រាប់ក្រោយការបង្ហាញខ្លួន ៣០ប្រកួត និងបានជួយគាំទ្រដៃគូខ្សែបម្រើ Fabregas អោយមានទម្រង់លេងឈានដល់កម្រិតកំពូល មុនសម្រេចចិត្តផ្ទេរទៅលេងនៅក្រុម Man.City នៅឆ្នាំ២០១១នោះ។

៤. Alex Oxlade-Chamberlain

មិនមានសមត្ថភាពកំពូលដូចសិស្សច្បងនិងអតីតមិត្តរួមក្រុម Alexis Sanchez ប៉ុន្តែខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះ មានគុណសម្បត្តិល្អដែលអាចអោយក្រុមប្រើប្រាស់រូបគេបាន។ Alex វ័យ ២៤ឆ្នាំបានផ្ទេរទៅលេងនៅក្រុម Liverpool កាលពីដើមរដូវកាលកន្លងមកនេះ ខណៈក្រុម Arsenal មិនមានការបារម្មណ៏ពីការខ្វះខាតកីឡាករដែលមានស្រាប់នៅក្នុងក្រុមហើយនោះគឺ Granit Xhaka និង Aaron Ramsey ។

៥. Alexis Sanchez

ខ្សែបម្រើ-ប្រយុទ្ធក្រុមជម្រើសជាតិឈីលីរូបនេះ នៅតែបង្ហាញទម្រង់លេងបានល្អ ក្រោយផ្ទេរពីក្រុម Barcelona មកដល់កីឡាដ្ឋាន Emirate Stadium កាលពីឆ្នាំ២០១៤។ Sanchez បានចាកចេញពីក្រុម Arsenal ដើម្បីទៅចូលរួមជាមួយក្រុម Man.United ព្រមទាំងបង្ហាញខ្លួនជាផ្លូវការណ៏កាលពីថ្ងៃចន្ទកន្លងមកនេះ រួមជាមួយទឹកប្រាក់ ៣៥០០០០ផោន/សប្តាហ៏ ថ្លៃបំផុតសម្រាប់កីឡាករ ដែលមានប្រាក់បៀវត្សប្រចាំអាទិត្យនៅក្របខណ្ឌកំពូលអង់គ្លេស។ វាជារឿងខកចិត្តនិងអស់សំណើចសម្រាប់អ្នកគាំទ្រ Arsenal ខណៈបច្ចុប្បន្នក្រុមមានលេខរៀងទី៦ ហើយលក់កីឡាករទៅអោយក្រុម Man.United ដែលស្ថិតនៅលេខរៀងទី២ទៅវិញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77