v9

ក្រុមគុនដាវកម្ពុជា នាំមេដាយកម្រិតអាស៊ាន មកដល់មាតុប្រទេស

4 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាគុនដាវរបស់កម្ពុជា បាននាំយកមេដាយប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាគុនដាវជើងឯកអាស៊ាន ប្រចាំឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី មកដល់មាតុប្រទេសវិញ កាលពីព្រឹកថ្ងៃអង្គារនេះ ហើយវាក៏ជាពេល ដែលក្រុមតំណាងឲ្យកម្ពុជាមួយនេះ បង្ហាញពីមោទនភាព ពីជោគជ័យត្រចះត្រចង់របស់ខ្លួន លើកនេះ ផងដែរ។

លោក សុខ អាង ដែលជាគ្រូបង្វឹកធំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃនេះថា៖ «សម្រាប់ការចេញទៅប្រកួតលើកនេះ យើងទទួលបានលទ្ធផលល្អ ព្រោះបើគិតទៅតាមផែនការមេរបស់យើង គឺយើងចង់បង្កើនជយលាភីរបស់យើង នៅលើឆាកអន្តរជាតិ។ កាលពីឆ្នាំទៅ យើងទទួលបានមេដាយកម្រិតអាស៊ាននេះ គឺត្រឹមមេដាយសំរឹទ្ធ២ ប៉ុន្តែលើកនេះ យើងបានមេដាយសំរឹទ្ធ២ ហើយថែមទាំងបានមេដាយប្រាក់១ទៀត»។

លោក សុខ អាង ដែលជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា ផងនោះ បានបន្ថែមថា៖ «សម្រាប់ការប្រកួតលើកនេះ យើងទទួលបានលទ្ធផលល្អ ដោយយើងបានប្រើសមត្ថភាពសុទ្ធសាធ គឺគ្មានពាក់ព័ន្ធការរៀបចំអ្វីទេ ហើយកន្លងមកប្រទេសដទៃ ធ្លាប់មើលយើងក្នុងកម្រិតទាបបំផុត ដែលគេអត់ដែលគិតថា យើងជាដៃគូប្រជែងរបស់គេនោះទេ ប៉ុន្តែលើកនេះ យើងធ្វើឲ្យហ្វីលីពីន បាក់ស្បាតដែរ ព្រោះគាត់រំពឹងខ្លាំងជាងយើង តែបែរជាមកចាញ់កីឡាការិនីរបស់យើងម្នាក់»។

លោកបានបន្តថា៖ «ចំណែក ឥណ្ឌូនេស៊ី និងសិង្ហបុរី ក៏ចាប់ផ្តើមកោតសរសើរថា ពួកយើង មានការកើនឡើង ជាពិសេសខាងម្ចាស់ផ្ទះតែម្តង ព្រោះប្រធានសហព័ន្ធកីឡាគុនដាវអាស៊ី របស់ម៉ាឡេស៊ី បានមកនិយាយជាមួយខ្ញុំ ហើយគាត់បានប្រាប់ថា គាត់នឹងមកលេងកម្ពុជា និងមើលការហ្វឹកហាត់របស់ពួកយើង»។

សម្រាប់ការប្រកួតកីឡាគុនដាវជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដែលធ្វើកាលពីថ្ងៃទី១៨ និងបានបញ្ចប់ កាលពីថ្ងៃទី២២ ខែមករានេះ ក្រុមអត្តពលិកកីឡាគុនដាវកម្ពុជា បានឈ្នះមេដាយប្រាក់១ លើវិញ្ញាសាឯក្កតជននារី ដែលរកបានដោយកីឡាការិនី ឆាយ លីនលី ដោយក្នុងនោះ កញ្ញា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន ក្នុងវគ្គ១៦នាក់ រួចបន្តឈ្នះសិង្ហបុរី ក្នុងវគ្គ៨នាក់ និងឈ្នះកីឡាការិនីសិង្ហបុរីម្នាក់ទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់កីឡាការិនីរបស់ឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ។

បន្ថែមលើនេះ កម្ពុជា បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាជាក្រុមនារី ដែលមានកីឡាការិនី ឆាយ លីនលី, ស៊ន និច, យី លីហ្សា និងឈ្នះមេដាយសំរឹទ្ធជាក្រុមបុរស របស់កីឡាករ ឃីម សាមាន, ប៉ូល វ៉ាហ្គ ហ្រេ្វនធិសិដ្ឋ អូរមិនស្កី, ថុង តាំងជីន និងកីឡាករ ជឹម ធារ៉ា

តាមរយៈលទ្ធផលនេះ បានបង្ហាញថា អត្តពលិកទាំង៩នាក់(ស្រី៣នាក់) ដែលត្រូវបានបញ្ចូនទៅប្រកួតជើងឯកអាស៊ាន លើកនេះ គឺបានឈ្នះមេដាយគ្រប់ៗគ្នា បើទោះបីជា កម្ពុជា មិនអាចដណ្តើមបានមេដាយ ក្នុងការប្រកួតឯកត្តជនដាវធំបុរស ក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77