v9

ក្រុមគុនដាវកម្ពុជា រំពឹងដណ្តើមបានមេដាយ ពីការប្រកួតជើងឯកអាស៊ាននៅម៉ាឡេស៊ី

9 months ago​ | ដោយ V-Dara

ក្រុមកីឡាគុនដាវរបស់កម្ពុជា នឹងត្រូវធ្វើការប្រកួតកីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ នឹងគ្រោងបញ្ចប់នៅថ្ងៃចន្ទ ខាងមុខនេះ គឺបន្ទាប់ពីប្រតិភូកីឡាតំណាងឲ្យកម្ពុជា មួយក្រុមនេះ បានធ្វើដំណើរមកដល់ទីក្រុងកូឡាឡាំពួរ កាលពីព្រឹកម៉ោង១១:៣០ ថ្ងៃពុធ ម្សិលមិញ។

លោក សុខ អាង គ្រូបង្វឹកធំកីឡាគុនដាវកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា ហាក់មានរំពឹងខ្ពស់ថា កម្ពុជា នឹងអាចទទួលបានលទ្ធផលល្អ ព្រោះព្រឹត្តិការណ៍កីឡាគុនដាវជើងឯកអាស៊ាន ដែលទើបប្តូរមកធ្វើរយៈពេល១ឆ្នាំម្តងនេះ គឺក្រុមគុនដាវកម្ពុជា ធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ កាលពីឆ្នាំ២០១៣។

លោកបាននិយាយថា៖ «សម្រាប់ការប្រកួតលើកនេះ យើងបានបញ្ជូនកីឡាករ កីឡាការិនីរហូតដល់៩នាក់ មកប្រកួត ហើយអ្វីដែលយើងរំពឹងថា យើងនឹងទទួលបានលទ្ធផលល្អនោះ ដោយសារយើងបានយកកីឡាករកូនកាត់ខ្មែរ-អាមេរិក២នាក់មកប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ហើយក្នុងចំណោម២នាក់នេះ មានម្នាក់ជាកីឡាករជម្រើសជាតិផ្នែកគុនដាវរបស់អាមេរិក បច្ចុប្បន្ននេះតែម្តង»។

លោក សុខ អាង បានបញ្ជាក់ថា៖ «សម្រាប់វិញ្ញាសាដែលយើងមានរំពឹងខ្ពស់ថា នឹងទទួលបានលទ្ធផលល្អនោះ គឺការប្រកួតជាក្រុមដាវធំបុរស និងវិញ្ញាសាឯកត្តជនដាវធំបុរស ព្រោះកូនខ្មែររស់នៅអាមេរិក គាត់ខ្លាំង និងមានជំនាញទៅលើវិញ្ញាសានេះ ហើយខាងខ្មែរយើង ក៏ផ្តោតខ្លាំងទៅលើវិញ្ញាសាដាវធំនេះដែរ។ ចំណែកវិញ្ញាសាដាវកាប់នារី ក៏យើងមានសង្ឃឹមដែរ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតនេះ កម្ពុជា បានបញ្ជូនក្រុមអត្តពលិករបស់ខ្លួនចំនួន៩នាក់ (ស្រី៣នាក់) ទៅចូលរួមការប្រកួតនេះ ក្រោមការដឹកនាំរបស់លោកជំទាវ សុខា សុធានី និងគ្រូធំ គ្រូជំនួយសរុប ៣នាក់ ហើយពួកគេត្រូវប្រកួតប្រជែងនៅលើវិញ្ញាសាជាក្រុមដាវកាប់នារី ជាក្រុមដាវធំបុរស ឯកត្តជនដាវកាប់នារី ដាវតូចបុរស និងកត្តជនដាវធំបុរស។

បើតាមលោក សុខ អាង បានឲ្យដឹងថា ការប្រកួតកីឡាគុនដាវជើងឯកអាស៊ាននេះ មាន១០ប្រទេសចូលរួម គឺលើកលែងតែប្រទេសទីម័រខាងកើត ដែលមិនបានចូលរួម ហើយក្នុងចំណោមប្រទេសទាំង១០នេះ វៀតណាម និងប្រទេសសិង្ហបុរី មានសមត្ថភាពខ្ពស់ជាងគេ លើប្រភេទកីឡាគុនដាវនេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.