v9

រីន សារ័ត្ន ទៅ​ប្រកួត​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ ជំនួស ថៃ រិទ្ធី ក្នុងការប្រកួត MMA នៅ​ឥណ្ឌូនេស៊ី

9 months ago​ | ដោយ V-Dara

កីឡាករជំនាញ់ទាំងប្រដាល់សេរី និង MMA រិន សារ័ត្ន របស់កម្ពុជា បានធ្វើដំណើរជាមួយគ្រូបង្វឹកលោក ហ៊ុន ចាន់រាជ ទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលម៉ោង១ ថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុងការប្រកួតយុទ្ធគុនចម្រុះ (MMA) នៃព្រឹត្តិការណ៍ ONE: Kings Of Courage ដែលនឹងត្រូវធ្វើ នៅទីនោះ នាយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

តាមពិតកីឡាករកម្ពុជា ថៃ រិទ្ធី ទេ ដែលត្រូវបាន One Championship(ONE) ដាក់ឲ្យប្រកួតជាមួយកីឡាករម្ចាស់ផ្ទះ Sunoto Peringkat ក្នុងព្រឹត្តិការណ៍ ONE: Kings Of Courage នេះ ប៉ុន្តែដោយសារ ថៃ រិទ្ធី មានរបួសប្រេះឆ្អឹងដៃស្តាំ ពេលហ្វឹកហាត់នោះ ទើបដាក់ រិន សារ័ត្ន ជំនួសវិញ។

លោក ហ៊ុន ចាន់រាជ គ្រូ MMA របស់ក្លិប Cambodian Top Team និងជាគ្រូបង្វឹករបស់ ថៃ រិទ្ធី និង រិន សារ័ត្ន បានប្រាប់ថា៖ «ថៃ រិទ្ធី មិនអាចទៅប្រកួតបានទេ ព្រោះមានរបួសពេលហ្វឹកហាត់ ដោយយើងដាក់ រិន សារ័ត្ន ជំនួសវិញ ប៉ុន្តែខ្ញុំគិតថា ការដាក់ សារ័ត្ន ទៅប្រកួត ធ្វើឲ្យយើងសង្ឃឹមឈ្នះច្រើន ព្រោះ រិន សារ័ត្ន ល្អបច្ចេកទេសជាង ថៃ រិទ្ធី គឺល្អមួយកំប្លេរតែម្តង»។

តាមរយៈការដោះដូរសមាសភាពកីឡាករនេះ រិន សារ័ត្ន ត្រូវទទួលបន្ទុកជំនួស ថៃ រិទ្ធី ដែលត្រូវប្រកួតជាមួយកីឡាករម្ចាស់ផ្ទះ Sunoto ដើម្បីសងសឹកឲ្យមិត្តរួមជាតិ ចាន់ ហេង ព្រោះ Sunoto ធ្លាប់បានផ្តួល ចាន់ ហេង ឲ្យសន្លប់នៅទឹកទី១ ត្រឹមនាទី ២:៣០ ក្នុងកម្មវិធី ONE: Quest for Power នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីនេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.