v9

ពានស្ពនស័រ ប្រកួតជម្រុះមណ្ឌលចុងក្រោយនៅព្រះសីហនុ ចុងសប្តាហ៍នេះ

2 weeks ago​ | ដោយ V-Dara

ការប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ លើកទី៦ ឆ្នាំ២០១៧ (Sponsor Futsal Cup 2017) នឹងបើកការប្រកួតជម្រុះមណ្ឌលក្រុងព្រះសីហនុ ដែលជាមណ្ឌលចុងក្រោយ នៅលើទីលាន ក្នុងក្លិបកីឡាជេក(ផ្លូវអូរ២) នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាងហ៍នេះ ដើម្បីស្វែងរកក្រុមខ្លាំងទី៩ និងទី១០ ឡើងមកប្រកួតជុំផ្តាច់ព្រ័ត្រ ដែលនឹងធ្វើនៅភ្នំពេញ នាថ្ងៃទី២០ និង២១ ខែមករា ខាងមុខនេះ។

សម្រាប់មណ្ឌលចុងក្រោយ នៅខេត្តព្រះសីហនុនេះ គឺមានក្រុមដាក់ពាក្យចូលរួមប្រកួតច្រើន លើសពីចំនួនកំណត់ ដែលយកតែ៤០ក្រុម ហើយបញ្ហានេះ បានធ្វើឲ្យក្រុមលេខ២ឆ្នាំ២០១៦ តោមាស ត្រូវអវត្តមានពីការប្រកួតនៅឆ្នាំនេះ ព្រោះក្រុមនេះបានដាក់ពាក្យក្រោយគេ។

លោក សឹម សានត្រាន តំណាងភេសជ្ជៈស្ពនស័រ និងជាអ្នកគ្រប់គ្រងការប្រកួតនេះ បានប្រាប់កាលពីម្សិលមិញថា៖ «នៅមណ្ឌលនេះ មានក្រុមដាក់ពាក្យចូលរួមច្រើន ប៉ុន្តែយើងកំណត់យកតែ៤០ក្រុមទេ ហើយសូម្បីតែក្រុមលេខ២ឆ្នាំចាស់ តោមាស ក៏មិនបានចូលរួមប្រកួត នៅឆ្នាំនេះដែរ ដោយសារពួកគាត់ បានដាក់ពាក្យសុំចូលរួមប្រកួតក្រោយគេ»។

ក្រុមទាំង៤០ ដែលគណៈកម្មការ បានសម្រេចដាក់ឲ្យចូលរួម ក្នុងការប្រកួតនៅមណ្ឌលក្រុងព្រះសីហនុនេះ គឺត្រូវចាប់ឆ្នោតយក១៦ក្រុមឲ្យប្រកួតជម្រុះ ហើយក្រុមឈ្នះទាំង៨ ត្រូវដាក់ឲ្យប្រកួតក្នុងវគ្គ៣២ក្រុម ជាមួយក្រុមចំនួន២៤ទៀត ដែលចាប់ឆ្នោតឡើងមកវគ្គ៣២ក្រុមនេះដោយស្វ័យប្រវត្តិ។

នៅពេលសួរពីកម្រិតលេងរបស់ក្រុមនៅមណ្ឌលក្រុងព្រះសីហនុនេះ លោក សានត្រាន ដែលធ្លាប់គ្រប់គ្រងការប្រកួតនេះ ចំនួន៦ឆ្នាំទាំងលើកនេះ បាននិយាយថា៖«តាមបទពិសោធប្រកួតកន្លងមក គឺក្រុមនៅមណ្ឌលព្រះសីហនុនេះ មានកម្រិតលេងល្អ មិនចាញ់មណ្ឌលផ្សេងៗទៀតទេ ហើយនៅឆ្នាំនេះ ខ្ញុំគិតងថា កម្រិតលេងរបស់ក្រុមនៅមណ្ឌលនេះ អាចនឹងរីកចម្រើនជាងឆ្នាំមុន ព្រោះបច្ចុប្បន្ន ក្រុងព្រះសីហនុ មានទីលានប្រកួតច្រើន និងសម្បូរអ្នកគាំ ទ្រទៀត ផង»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77