v9

ភ្នំពេញក្រោន សម្រេចចុះកុងត្រាជាមួយកីឡាករអាមេរិក ក្រោយឈ្នះក្រុមម៉ាឡេស៊ី

6 months ago​ | ដោយ V-Dara

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកុងត្រាជាមួយខ្សែបម្រើកណ្តាលជនជាតិអាមេរិក Jonny Campbell សម្រាប់ជួយដល់ក្រុមរបស់ខ្លួន ក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៨នេះ។

ក្លិបភ្នំពេញក្រោន បានចាត់ទុក Jonny Campbell ជាកីឡាករដ៏មានទេពកោសល្យ ដែលធ្លាប់លេងនៅក្លិប Chachoengsao FC (ប្រទេសថៃ) ក្នុងឆ្នាំ២០១៧ នេះ ហើយខ្សែបម្រើកណ្តាលរូបនេះ ក៏ធ្លាប់លេងជាមួយក្លិប Maimi City ឆ្នាំ២០១៦ ក្លិប Charlotte Independence ឆ្នាំ២០១៥ និង ក្លិប Philadelphia Fury ឆ្នាំ២០១៤ របស់ប្រទេសអាមេរិក ផងដែរ។

ការសម្រេចចុះកុងត្រានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Terengganu FC I របស់ម៉ាឡេស៊ី ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ត្រៀមបើករដូវកាលថ្មី នៅកីឡដ្ឋាន RSN កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ខណៈការប្រកួតនេះ Jonny Campbell ក៏រកបាន១គ្រាប់ឲ្យក្រុមភ្នំពេញក្រោន ផងដែរ។

ការនាំយកកីឡាករ Jonny Campbell មកជួយក្រុមនេះ ភ្នំពេញក្រោន ហាក់មានទំនុកចិត្តថា កីឡាករចំណូលថ្មីរូបនេះ និងអាចជួយក្រុមភ្នំពេញក្រោន បានច្រើន ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ។ ក្លិបភ្នំពេញក្រោន បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖«យើងទាំងអស់គ្នា មានក្តីរំពឹងថា វត្តមានរបស់កីឡាកររូបនេះ នឹងអាចរួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លិបឲ្យទទួលជោគជ័យនារដូវកាលថ្មីខាងមុខ»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.