v9

តម្លៃ​ខ្លួន ចាន់ វឌ្ឍនាកា កាល​ផ្ទេរ​ពី​ស្វាយ​រៀង​ទៅ​បឹង​កេត បើធៀបនឹង​បច្ចុប្បន្ន គឺខុសគ្នា​មេឃ និង​ដី

9 months ago​ | ដោយ V-Dara

ដំណាលគ្នានឹងការសម្រេចចិត្តចុះកិច្ចសន្យាលេងឲ្យក្លឹបលីគកំពូលម៉ាឡេស៊ី Pahang FA ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុនរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ក៏មានការទម្លាយនូវតម្លៃខ្លួនកាលគ្រា វឌ្ឍនាកា ប្ដូរក្លឹបក្នុងអាជីពលើកដំបូង ពីក្លឹបព្រះខ័នរាជស្វាយរៀង ទៅក្លឹបបឹងកេតអែហ្វស៊ី កាលពីឆ្នាំ២០១២ ដែលខុសគ្នាមេឃ និងដី បើធៀបនឹងកម្រៃគេទទួលបានពីក្លឹប Pahang FA បច្ចុប្បន្ន។

ប្រភពច្បាស់ការពីអ្នកស្និទ្ធស្នាលនឹងកីឡាករជម្រើសជាតិកម្ពុជាខាងលើបានបង្ហើបថា កាលពីកូនប្រុសអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាន់ វឌ្ឍនាកា ផ្ទេរពីក្លឹបព្រះខ័នរាជស្វាយរៀង ទៅក្លឹបបឹងកេត គឺមានតម្លៃខ្លួនត្រឹម ៥០០ដុល្លារប៉ុណ្ណោះក្នុង១ខែ។ តែបើក្រឡេកមកមើលសមិទ្ធផលបច្ចុប្បន្ន ដ្បិតមិនមានការទម្លាយតម្លៃខ្លួន ក្នុងការផ្ទេរពីក្លឹបបឹងកេតទៅក្លឹប Pahang FA ក៏ប៉ុន្ដែប្រាក់ខែដែលគេទទួលបាន គឺ ១៦,០០០ដុល្លារ ដែលខុសស្រឡះកាលពី ៦ឆ្នាំមុន។

សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានក្លាយជាថ្នាលយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀងដំបូង កាលពីឆ្នាំ២០១០ មុនត្រូវបានជ្រើសរើសជាសមាជិកក្រុមធំ នៅឆ្នាំ២០១១-២០១២។ លុះឈានដល់ចុងរដូវកាលឆ្នាំ២០១២ កីឡាករវ័យក្មេង ២៣រូបនេះ ត្រូវបានផ្ទេរទៅលេងឲ្យក្លឹបបឹងកេត ចាប់ពីឆ្នាំ២០១២ រហូតឆ្នាំ២០១៦។

បន្ទាប់មកទើបក្លឹបបឹងកេត ព្រមព្រៀងឲ្យក្លឹបជប៉ុន Fujieda MYFC ខ្ចីជើង១រដូវកាល ក្នុងឆ្នាំ២០១៧ មុន វឌ្ឍនាកា សម្រេចចាកចេញពីជប៉ុន ទៅរួមរស់ជាមួយក្លឹប Pahang FA ក្នុងការត្រៀមរដូវកាលថ្មី ឆ្នាំ២០១៨ខាងមុខវិញម្ដង ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើង (Loan) ខាងលើ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ KhmerTalking

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.