v9

លោក Giggs អាចមកទស្សនានៅកម្ពុជា ដើម្បីបើកការប្រកួត Tiger Street Football

9 months ago​ | ដោយ V-Dara

អតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្លិប Manchester United លោក Ryan Giggs អាចនឹងធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមការបើកការប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំ Tiger Street Football Festival លើកទី៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមករា ខាងមុខនេះ។

មានការលេចឮព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនថា លោក Giggs វ័យ៤៤ឆ្នាំ ដែលបានចំណាយពេលអាជីពជាកីឡាកររបស់គេសម្រាប់តែក្លិប Man United នោះ នឹងបន្ថែមបរិយាកាសកាន់តែរំភើបក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មួយនេះ ដែលនឹងត្រូវធ្វើការប្រកួតក្នុងខេត-ទីក្រុងចំនួន៨។ មិនមានការអះអាងជាផ្លូវការណាមួយនៅឡើយទេអំពីការធ្វើដំណើររបស់លោក ឬក៏សកម្មភាពនានាទាក់ទងនឹងដំណើរទស្សនកិច្ចនេះ ប៉ុន្តែ ប្រសិនបើលោកពិតជាធ្វើដំណើរមកកាន់កម្ពុជាមែន នេះនឹងក្លាយជាបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា។

ការប្រកួតកីឡាបាល់ទាត់លើទីលានបាល់ទាត់ខ្នាតតូចតាមដងវិថីដែលមានឈ្មោះថា Tiger Street Football Festival នេះ ផ្តល់ជូននូវរង្វាន់ជាទឹកប្រាក់៥០០០០ដុល្លារ ហើយនិងនឹងធ្វើការប្រកួតវគ្គជម្រុះរបស់ខ្លួននៅក្រុងព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញ ដែលជាកន្លែងបញ្ចប់នៃយុទ្ធនាការនេះ។

លោក Giggs បានចាប់ផ្តើមអាជីពរបស់គេជាមួយនឹងក្លិប Man United ក្នុងឆ្នាំ១៩៩០ ដោយបន្តលេងរហូតដល់ឆ្នាំ២០១៤ ក្នុងនោះរូបគេបានបង្ហាញខ្លួនចំនួន៦៧២លើក និងស៊ុតបាល់បញ្ចូលទី១១៤គ្រាប់ ខណៈដែលលោកក៏បានដឹកនាំក្រុម Man United ក្នុងរយៈពេលខ្លីផងដែរ ក្រោយពីចូលនិវត្តន៍៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.