v9

ភ្នំពេញក្រោន រំពឹងឈ្នះក្រុមម៉ាឡេស៊ី ល្ងាចនេះ ក្រោយចាញ់ ៣-០ ថ្ងៃបើកឆាក

6 months ago​ | ដោយ V-Dara

ក្រុមភ្នំពេញក្រោន ហាក់មានរំពឹងខ្ពស់ ក្នុងការយកឈ្នះក្រុមមកពីម៉ាឡេស៊ី Terengganu FC I ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ ហើយ ភ្នំពេញក្រោន ក៏នឹងប្រើការប្រកួតនេះ ដើម្បីធ្វើតេស្តកីឡាករបរទេស សម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ផងដែរ។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ត្រៀមបើករដូវកាលថ្មី កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុមភ្នំពេញក្រោន បានចាញ់ក្រុមលីកកំពូលមកពីប្រទេសម៉ាឡេស៊ី Negeri Sembilan FA រហូតដល់ ៣-០ ប៉ុន្តែការចាញ់លើកនោះ ត្រូវបានគ្រូបង្វឹកថ្មីរបស់ក្រុមភ្នំពេញក្រោន ប្រាប់ថា មកពីការបញ្ចប់ទីមិនបានល្អ ឯការប្រកួតលើកនេះ លោកសង្ឃឹមថា ភ្នំពេញក្រោន អាចស្វែងរកការឈ្នះបាន។

លោក Sean Sainsbury គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយក្រោយចាញ់ក្រុមNegeri Sembilan FA ថា៖«រាល់ការប្រកួតដែលយើងលេង យើងតែងតែព្យាយាមដើម្បីឈ្នះ ហើយការប្រកួតនេះ យើងលេងបានល្អហើយ និងមានឱកាសឈ្នះការប្រកួតនេះ តែការបញ្ចប់ទីរបស់យើង មិនបានសម្រេច។ ដូច្នេះសម្រាប់ការប្រកួតក្រោយ យើងនឹងព្យាយាមស្វែងរកជ័យជម្នះ ហើយប្រសិនបើយើងលេងបានល្អដូចថ្ងៃនេះ និងបានយល់ពីកំហុសមួយចំនួននៅថ្ងៃនេះ យើងប្រាកដជាអាចទទួលបានជ័យជម្នះ»។

ក្តីរំពឹងនៃការស្វែងរកជ័យជម្នះរបស់ក្រុមភ្នំពេញក្រោន គឺប្រហែលជាអាចនឹងធ្វើទៅបាន ព្រោះនៅពេលនេះក្រុម Terengganu FC I កំពុងមានការថមថយកម្លាំង ដោយសារតែក្រុមមកពីម៉ាឡេស៊ី មួយនេះ ទើបតែប្រកួតជាមួយក្រុមក្រសួងការពារជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ដោយបានចាញ់ ៦-៣ ខណៈការប្រកួតលើកទី១ កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ Terengganu FC I បានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.