v9

ទ័ព លត់ក្រុមម៉ាឡេស៊ី ៦-៣ ក្នុងថ្ងៃបញ្ចប់ការធ្វើតេស្តកីឡាករបរទេស

11 months ago​ | ដោយ V-Dara

ក្រុមក្រសួងការពារជាតិ(ទ័ព) បានយកឈ្នះក្រុមខ្លាំងមកពីលីកកំពូលរបស់ម៉ាឡេស៊ី Terengganu FC I រហូតដល់ ៦-៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ។

បើទោះបីជាក្រុម Terengganu FC I បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០ និងមានទម្រង់លេងបានល្អ ពិសេសតំបន់ប្រយុទ្ធ ប៉ុន្តែតំបន់ការពាររបស់ក្រុមមួយនេះ មិនអាច រារាំងការវាយសម្រុកម្តងៗរបស់ក្រុមទ័ព បាននោះទេ គឺបានរបូតគ្រាប់បាល់រហូតដល់៦គ្រាប់។

យ៉ាងណាក៏ដោយ ជ័យជម្នះរបស់ក្រុមទ័ព ៦-៣ លើក្រុម Terengganu FC I លើកនេះ ត្រូវបានគេមើលឃើញថា កីឡាករកូរ៉េខាងត្បូង ចំនួន៦នាក់ និងកីឡាករជប៉ុន៣នាក់ ដែលទ័ព កំពុងធ្វើតេស្ត បានក្លាយជាកម្លាំងយ៉ាងសំខាន់ សម្រាប់ជួយឲ្យក្រុមទ័ព ហើយពួកគេក៏បានជួយឲ្យក្រុមទ័ព ស្មើ ១-១ ជាមួយក្រុមខ្លាំងរបស់ម៉ាឡេស៊ី Negeri Sembilan FA កាលពីថ្ងៃសុក្រ ផងដែរ។

សម្រាប់ការប្រកួត កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនោះ វាជាការប្រកួតធ្វើតេស្តលើកចុងក្រោយយ៉ាងសំខាន់ ទៅលើកីឡាករបរទេសទាំង៩នេះ ហើយបើតាមលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា នៅក្នុងចំណោមកីឡាករបរទេសទាំង៩នេះ ក្រុមទ័ព នឹងជ្រើសរើសយក៥នាក់ ដើម្បីដាក់ឲ្យលេងជាមួយក្រុមទ័ព ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ

ប៉ុន្តែការសម្រេចចុងក្រោយ ក្នុងការជ្រើសរើសយកកីឡាករបរទេសទាំង៥នាក់នេះ ក្រុមទ័ព នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ គឺរង់ចាំការប្រជុំពិភាក្សាគ្នាសិន ប៉ុន្តែដំណឹងនេះ អាចនឹងចេញជាផ្លូវការឆាប់ៗនេះ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.