v9

Salah ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្វ្រិក

10 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool បានជាបឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្វ្រិក ក្នុងទីក្រុង Accra ប្រទេសហ្គាណា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីក្លាយជាកីឡាករអេហ្ស៊ីបដំបូងគេក្នុងការឈ្នះពានរង្វាន់នេះ ចាប់តាំងពីលោក Mahmoud al Khatib បានឈ្នះកាលពីឆ្នាំ១៩៨៣។

តារាឆ្នើមវ័យ ២៥ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី ២៣គ្រាប់ក្នុងការប្រកួត ២៩លើកនៃរាល់យុទ្ធនាការទាំងអស់ នៅរដូវកាលនេះ សម្រាប់ក្របខ័ណ្ឌ Premier League ក្រោយពីបានផ្ទេរមកពីក្លិប AS Roma កាលពីរដូវក្តៅមុន។ រូបគេក៏បានក្លាយជាតារាឆ្នើមសម្រាប់ក្រុមជម្រើសជាតិអេហ្ស៊ីបផងដែរ ខណៈដែលពួកគេបានក្លាយជាម្ចាស់ជើងឯករងបន្ទាប់ពីក្រុមជម្រើសជាតិកាមេរូន ក្នុងព្រឹត្តិការណ៍ Africa Cup of Nations កាលពីឆ្នាំមុន និងបានឈ្នះកៅអីទៅបង្ហាញខ្លួនក្នុង World Cup ជាលើកទី១ របស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៩០។

ក្នុងការប្រកួតជម្រុះ World Cup មុនពេលឈានដល់ជុំចុងក្រោយ Salah បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនយកឈ្នះលើក្រុមជម្រើសជាតិកុងហ្គោប្រាហ្សាវីលល៍ ក្នុងទីក្រុង Alexandria ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតពីចំណុចពិន័យ១១ម៉ែត្រ ផងដែរ ដើម្បីបំពេញការឈ្នះកៅអីរបស់ពួកកគេទៅកាន់ប្រទេសរុស្ស៊ី។

ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane ដែលជាមិត្តរួមក្រុម Liverpool របស់ Salah បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ហើយម្ចាស់ពានឆ្នាំ២០១៥ Pierre-Emerick Aubameyang របស់ក្លិប Borussia Dortmund បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីបេក្ខភាព៣០នាក់ ត្រូវបានចំរាញ់យកត្រឹម៣នាក់។ ក្រោយពីទទួលពាននេះ Salah បានឲ្យដឹងថា៖ «ការឈ្នះពានរង្វាន់នេះ គឺជាសុបិនដែលក្លាយជាការពិតមួយ។ ២០១៧ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ខ្ញុំ ដោយខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយនឹងក្រុមជម្រើសជាតិ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.