v9

ចាន់ វឌ្ឍនាកា រំពឹងឪពុកខ្លួន បន្តប្រឹងប្រែង ក្រោយបាត់បង់តំណែងអភិបាលខេត្តកំពត

3 weeks ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលទើបធ្វើដំណើរទៅចូលរួមជាក្លិបក្របខណ្ឌលីកកំពូលម៉ាឡេស៊ី Pahang FA កាលពីថ្ងៃអង្គារ កន្លងមកនេះ បានផ្តល់ការជឿជាក់ទៅលើឪពុករបស់ខ្លួន លោក ចាន់ ចេស្តា ថានឹងបន្តការខិតខំប្រឹងប្រែង ក្រោយលោកបាត់បង់តំណែងជាអភិបាលខេត្តកំពត។ ទន្ទឹមនឹងចាត់ទុកឪពុកខ្លួនជាវីរៈបុរស វឌ្ឍនាកា អរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់ទំនុកចិត្តសម្រាប់ឪពុកគេផងដែរ។

ក្រោយបានដឹងពីការផ្ទេរតំណែងឪពុកបង្កើត លោក ចាន់ ចេស្តា ពីអភិបាលខេត្តកំពតទៅកាន់តួនាទីក្នុងក្របខណ្ឌដើម នៅព្រឹកថ្ងៃពុធនេះ កីឡាករ ចាន់ វឌ្ឍនាកា បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «អរគុណប៉ា ដែលខិតខំកន្លងមក ប៉ាគឺជា វីរៈបុរសក្នុងចិត្តខ្ញុំរួចហើយ ខ្ញុំនៅតែសង្ឃឹមប៉ានឹងខិតខំប្រឹងប្រែងបន្ថែមទៀត អរគុណ រាជរដ្ធាភិបាល ដែលផ្ដល់ការទុកចិត្តលើរូបគាត់កន្លងមក»។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធនេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលខេត្តកំពត ទៅបំពេញតួនាទីក្នុងក្របខណ្ឌដើមនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយតែងតាំង លោក ជាវ តាយ ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្តា វិញ។

ក្រោយចប់កិច្ចសន្យាខ្ចីជើងមួយរដូវកាល ជាមួយក្លិបក្របខណ្ឌលីកលំដាប់ទី៣ របស់ជប៉ុន ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាកីឡាករ ចាន់ វឌ្ឍនាកា បានចុះកិច្ចសន្យាលេងឲ្យក្លិបក្របខណ្ឌលីកកំពូលម៉ាឡេស៊ី Pahang FA រដូវកាលឆ្នាំ២០១៨-២០១៩។ កីឡាករ ចាន់ វឌ្ឍនាកា រួមជាមួយមិត្តរួមជាតិ កែវ សុខផេង បានចាកពីកម្ពុជាទៅប្រកបអាជីពក្នុងក្របខណ្ឌលីកកំពូលម៉ាឡេស៊ី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77