v9

ក្រុមបាល់បោះពិការភ្នែកកម្ពុជា កំពុងប្រជែងរកមេដាយអាស៊ាន នៅថៃ

4 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកបាល់បោះជនពិការភ្នែករបស់កម្ពុជា កំពុងធ្វើការប្រកួតប្រជែងរកមេដាយ ក្នុងការប្រកួតកីឡាបាល់បោះជនពិការភ្នែកជើងឯកអាស៊ាន ឆ្នាំ២០១៧ នៅប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានមេដាយ ត្រឡប់មកកាន់មាតុប្រទេសវិញ ហើយការប្រកួតនេះ នឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ ស្អែកនេះ។

សម្រាប់ការចេញទៅប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ីនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ចូនកីឡាករ៦នាក់ និងកីឡាការិនី២នាក់ ទៅចូលរួមប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹក៦នាក់ ហើយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាប្រធានប្រតិភូ។

នេះជាលើកទី២ហើយ ដែលក្រុមបាល់បោះជនពិការភ្នែករបស់កម្ពុជា បានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ខណៈការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសម៉ាឡេស៊ី កន្លងមកនេះ ក្រុមកម្ពុជា បានចាញ់គ្រប់ការប្រកួត និងឈរនៅចំណាត់ថ្នាក់ក្រោយគេ។

យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែង ហ្វឹកហាត់ បន្ទាប់ពីការចាញ់នៅអាស៊ានប៉ារ៉ាហ្គេមនោះមក បានធ្វើឲ្យក្រុមបាល់បោះជនពិការភ្នែកទាំង២កម្រិតរបស់កម្ពុជា គឺកម្រិតB1 (ពិការភ្នែកទាំងសងខាង) និងកម្រិតB2 (ពិការភ្នែកកម្រិតស្រាលទាំងសងខាង) ហាក់មានទំនុកចិត្តខ្ពស់ សម្រាប់ការចេញទៅប្រកួតលើកនេះ។

ចំណែកលោក យី វាសនា បានថ្លែងថា៖ «សហព័ន្ធកីឡាបាល់បោះជនពិការភ្នែកកម្ពុជា ទើបតែបង្កើតជាផ្លូវការ ក្នុងឆ្នាំ២០១៧នេះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែងហ្វឹកហាត់កន្លងមកនេះ ខ្ញុំសង្ឃឹមយ៉ាងហោចណាស់ ក៏យើងអាចដណ្តើមបានមេដាយសំរឹទ្ធ ទៅមេដាយប្រាក់ ដែរ»។

លោកបានបន្ថែមថា៖ «លើសពីនេះខ្ញុំមានការជឿជាក់ថា ប្អូនៗជាអត្តពលិក និងខិតខំប្រឹងតស៊ូប្រកួត ធ្វើយ៉ាងម៉េចដណ្តើមឲ្យបានមេដាយមាស ដើម្បីបានបង្ហូតទង់ជាតិយើង ជាកិត្តិយសនជូនជាតិ ជាកិត្តិយសជូនប្រជាពលរដ្ឋខ្មែរ និងជូនជនពិការរបស់យើង»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77