v9

អតីតម្ចាស់បាល់មាស Ballon d’Or លោក Weah ជាប់ឆ្នោតជាប្រធានាធិបតីលីបេរីយ៉ា

7 months ago​ | ដោយ V-Dara

អតីតតារាបាល់ទាត់ដ៏ឆ្នើមលោក George Weah បានឈ្នះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លីបេរីយ៉ា តាមរយៈការផ្តួលលោកឧបប្រធានាធិបតី Joseph Boakai ក្នុងការប្រកួតប្រជែងមួយ ក្រោយពីបានសំឡេងឆ្នោតគាំទ្រ ៦១,៥ភាគរយ។

ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក Jerome Korkoyah ប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតក្នុងប្រទេសនេះ មានន័យថា លោក Weah នឹងត្រូវជំនួសកន្លែងរបស់លោក Ellen Johnson Sirleaf ក្នុងនាមជាប្រធានាធិបតីរបស់លីបេរីយ៉ានៅខែក្រោយនេះ ក្រោយពីការបោះឆ្នោតមួយដែលពោរពេញដោយការចោទប្រកាន់ពីការបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីផ្សេងៗ។ វានឹងក្លាយជាការធ្វើដំណើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យជាលើកទី១ របស់ប្រទេសនេះ បើគិតចាប់តាំងពីឆ្នាំ១៩៤៤ និងបន្ទាប់ពីមានសង្គ្រាមស៊ីវិលចំនួន ២លើក។

ការអបអរយ៉ាងខ្លាំងក្លាបានកើតឡើងក្នុងរដ្ឋធានី Monrovia ក្រោយពីលោក Weah ត្រូវបានគេប្រកាសថា នឹងក្លាយជាប្រធានាធិបតីថ្មី។ ក្រុមប្រឹក្សារៀបចំការបោះឆ្នោតបានបញ្ជាក់ថា លោក Weah បានទទួលសំឡេងគាំទ្រ ៦១,៥ភាគ ក្នុងចំណោមសំឡេងឆ្នោតសរុប ៩៨,១ភាគរយ។

លោក Weah វ័យ ៥១ឆ្នាំ គឺជាកីឡាករអាហ្វ្រិកតែម្នាក់ក្នុងការជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ឬអាចហៅបានថា ជាអ្នកឈ្នះពានរង្វាន់បាល់មាស Ballon d’Or ក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុតប្រចាំឆ្នាំរបស់ទ្វីបអឺរ៉ុប។ ក្នុងពេលនោះ លោក Nelson Mandela បានចាត់ទុកលោក ជាមោទនភាពនៃទ្វីបអាហ្រ្វិក។ លោក Weah បានលេងឲ្យក្លិប Paris Saint-Germain និង AC Milan ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅមុនពេលផ្ទេរទៅកាន់អង់គ្លេសដើម្បីលេងឲ្យក្លិប Chelsea និង Manchester City៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.