v9

Everton យល់ព្រមលើតម្លៃខ្លួន ២៥លានផោនជាមួយ Besiktas ដើម្បីទិញខ្សែប្រយុទ្ធ Tosun

10 months ago​ | ដោយ V-Dara

ក្លិបទូកក្តោង Everton បានយល់ព្រមលើតម្លៃខ្លួន ២៥លានផោន (ស្មើនឹង៣៣,៦លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិតួកគី Cenk Tosun ខណៈដែលតារាឆ្នើមវ័យ ២៦ឆ្នាំរូបនេះ ត្រៀមរួចរាល់ក្នុងការចុះហត្ថលេខាលើកុងត្រារយៈពេល ៤ឆ្នាំកន្លះ នៅពេលដែលទីផ្សារដោះដូរកីឡាករបើកជាថ្មីនៅថ្ងៃទី១ ខែមករា។ បើទោះបីមិនស្គាល់ចាញ់សោះចំនួន ៧ប្រកួតជាប់ៗគ្នា ដែលបានធ្វើឲ្យពួកគេឡើងផុតពីតំបន់កាត់ចោលក៏ដោយ ប៉ុន្តែ Everton បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកត្រឹមតែ ២៤គ្រាប់គត់នៅរដូវកាលនេះ និងកំពុងតែស្វែងរកខ្សែប្រយុទ្ធម្នាក់ដើម្បីជំនួសកម្លែងរបស់ Romelu Lukaku។

ការព្យាយាមមួយផ្សេងទៀតក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal ត្រូវបានច្រានចោលម្តងទៀត កាលពីដើមខែនេះ ខណៈដែលលោក Arsene Wenger ចង់ទុកខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ឲ្យបន្តនៅកីឡដ្ឋាន Emirates។ ការបរាជ័យនេះ បាននាំឲ្យមានការដាក់សំណើជាផ្លូវការដើម្បីទិញ Tosun តែម្តង។ លោក Allardyce បានព្យាយាមប្រមាញ់ទិញអតីតកីឡាកររបស់ក្លិប Eintracht Frankfurt និង Gaziantepspor រូបនេះជាច្រើនលើកមកហើយ និងបានណែនាំរូបគេទៅឲ្យក្លិប Crystal Palace ដែលបានរងនូវការច្រានចោលចំពោះសំណើរបស់ពួកគេកាលពីរដូវក្តៅមុន។

ការជួបរដូវកាលដ៏ល្អឥតខ្ចោះមួយសម្រាប់ក្លិប Besiktas ដោយ Tosun បានស៊ុតបាល់បញ្ចូលទី ១៣គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ ៤គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ក្នុងពេលក្រុមរបស់គេឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាឆ្នើមរូបនេះ។ បើយោងទៅតាមព័ត៌មាន The Sun ខ្សែប្រយុទ្ធ Tosun បានឆ្លងកាតការត្រួតពិនិត្យសុខភាពរួចជា មុននឹងផ្ទេរទៅ Everton នៅថ្ងៃទី១ ខែមករា៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.