v9

ក្រុមលីកកំពូលកម្ពុជា នៅឆ្នាំនេះ នឹងបានចូលលេងវគ្គ Group Stage ពាន AFC Cup 2018 ដោយស្វ័យប្រវត្តិ

10 months ago​ | ដោយ V-Dara

ក្រុម ដែលនឹងក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ខាងមុខនេះ នឹងត្រូវដាក់ឲ្យចូលលេងក្នុងវគ្គចែកពូល(Group Stage) នៃពានរង្វាន់ AFC Cup 2018 ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រកួតវគ្គជម្រុះ Play-off Round ទៀតនោះទេ។

ការទទួលបានឱកាសទៅប្រកួតនៅវគ្គ Group Stage ដោយស្វ័យប្រវត្តិនេះ គឺមកពីក្រុម Lao Toyota FC របស់ឡាវ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដកសិទ្ធិចេញពីការប្រកួតពាន AFC Cup 2018 ព្រោះក្រុមនេះបានជាប់ទាក់ទងទៅនឹងការរៀបចំលទ្ធផលទុកជាមុន។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានប្រកាសនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ក្រុម Lao Toyota FC មិនត្រូវបានអនុញ្ញាតិឲ្យចូលរួមការប្រកួតពានរង្វាន់ AFC Cup 2018 នោះទេ ព្រោះក្រុមមួយនេះ បានជាប់ទាក់ទងទៅនឹងការរៀបចំលទ្ធផលទុកជាមុន»។

គួរបញ្ជាក់ថា Lao Toyota FC គឺជាក្រុម ដែលត្រូវប្រកួតវគ្គ Play-off Round ជាមួយក្រុមលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ដើម្បីរកក្រុមឈ្នះកៅអី ឡើងទៅកាន់ការប្រកួតវគ្គ Group Stage នៃពានរង្វាន់ AFC Cup 2018 ខណៈការប្រកួតវគ្គ Play-off Round ក្នុងឆ្នាំ២០១៧ កន្លងមកនេះ ក្រុម Lao Toyota បានស្មើក្រុមបឹងកេត ១-១ នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែបានចាញ់បឹងកេត ១-០ ក្នុងទឹកដីខ្លួនឯង។

លទ្ធផលនេះ បានធ្វើឲ្យក្រុម Tao Toyota FC បានធ្លាក់ត្រឹមវគ្គ Play-off Round ហើយបឹងកេត បានឡើងទៅវគ្គ Group Stage ដោយឈរក្នុងពូលF ជាមួយក្រុម Global Cebu របស់ហ្វីលីពីន ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី និងក្រុម Magwe របស់មីយ៉ាន់ម៉ា ប៉ុន្តែបឹងកេត បានធ្លាក់ត្រឹមវគ្គនេះ មាន៤ពិន្ទុ ដោយឈរនៅលេខ៣បន្ទាប់ពីក្រុម Global មាន១៥ពិន្ទុ និងក្រុម Johor មាន១៣ពិន្ទុ ឯក្រុម Magwe មាន២ពិន្ទុ។

ដោយឡែក ក្រុម ដែលឈ្នះតំណែងជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០១៧នេះ នឹងត្រូវឈរនៅពូលFជាមួយក្រុម Cerec Negros មកពីលីកកំពូលហ្វីលីពីន ក្រុម Home United មកពីសិង្ហបុរី និងក្រុម Shan United មកពីលីកកំពូលប្រទេសមីយ៉ាន់ម៉ា ខណៈពូលនេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៣ ខែកុម្ភៈ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.