v9

គ្រូបឹងកេតថា ការទាត់បាល់ពិន័យមិនចូល និងការពិន័យកាតក្រហម ជាមូលហេតុធ្វើឲ្យចាញ់ក្រុមវៀតណាម ៥-១

7 months ago​ | ដោយ V-Dara

ការបរាជ័យក្នុងលទ្ធផល ៥-១ ក្រោមស្នាដៃក្រុមលេខ៦ លីកពូលវៀតណាម Sanna Khanh Hoa ក្នុងការប្រកួតជម្រុះជើងទី២ពានរង្វាន់ Toyota Mekong Club Championship 2017 កាលពីយប់ថ្ងៃពុធ បានធ្វើឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង២ម៉ឺននាក់ មានការខកចិត្តខ្លាំង ហើយអ្នកខ្លះបានរិះគន់ងថា បឹងកេត បានទម្រង់លេងធ្លាក់ចុះខ្លាំង។

ជាមួយនេះបញ្ហានេះ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានលើកយកបញ្ហាធំចំនួន២ មកបកស្រាយ ដើម្បីជម្រុះភាពមន្ទិលនេះ គឺទី១ការទាត់បាល់ពិន័យ ១១ម៉ែត្រមិនចូលរបស់ Maycon និងទី២ ការទទួលបានកាតក្រហមរបស់ ស៊ុន សុវណ្ណរិទ្ធី ។

លោក ហៅ សុជាតិ បាននិយាយ ក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ការលេងរបស់យើងមិនបានល្អ ហើយការរៀបចំក្រុមរបស់យើង ក៏មិនបានល្អផងដែរ។ នៅតង់ទី១ យើងចាប់ផ្តើម ជាមួយការលេងមិនបានល្អ ហើយនៅដើមតង់ទី២ យើងចាប់ផ្តើមលេងបានល្អឡើងវិញ ប៉ុន្តែបន្ទាប់ពីការស៊ុតពិន័យមិនចូល និងការទទួលបានកាតក្រហមទៀត បានប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់កីឡាករក្នុងក្រុម»។

លោកបានបញ្ជាក់ថា៖ «បញ្ហាធំទាំង២នេះ វាបានប៉ះពាល់ដល់ស្មារតីក្រុមទាំងមូលតែម្តង ព្រោះបន្ទាប់ពីជួបបញ្ហាដ៏ធំនេះ ក្រុមទាំងមូល បានលេងបែកតែម្តង ហើយនេះជាមូលហេតុដ៏ចម្បង ដែលយើងបានចាញ់ក្រុម Sanna រហូតដល់ ៥-១ ក្នុងការប្រកួតជើងទី២ នេះ»។

តាមរយៈការប្រកួត នៅកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធនោះ ក្រុម Sanna បានធ្វើការនាំមុខក្រុមបឹងកេត ២-១ ក្នុងតង់ទី១ គឺមុនពេល គឺមុនពេលអ្នកចាំទី ស៊ូ យ៉ាទី បានជួបការប៉ះទង្គិច និងមានរបួសចង្កឹះជាទម្ងន់រហូតដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

នៅដើមតង់ទី២ បឹងកេត បានទទួលបាល់ពិន័យ ១១ម៉ែត្រវិញ ប៉ុន្តែ Mayconស៊ុតបាល់នោះមិនផុតដៃអ្នកចាំទីក្រុមវៀតណាម ហើយភ្លាមៗពីការបាត់ឱកាសមាសនោះ ខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី ត្រូវបានបណ្តេញចេញ ព្រោះបានទទួលកាតលឿងជាលើកទី២(ស្មើកាតក្រហម១)។

បន្ទាប់ពីការបាត់បង់សមាជិកម្នាក់នេះ ធ្វើឲ្យទម្រង់លេងក្រុមបឹងកេត មានការធ្លាក់ចុះ ធ្វើឲ្យក្រុម Sanna រកបាន ៣គ្រាប់ទៀត ដើម្បីយកឈ្នះបឹងកេត ៥-១ បន្ថែមទៅលើការស្មើ ៤-៤ ក្នុងការប្រកួតជើងទី២ និងបានឡើងទៅប្រកួតជាមួយក្រុមលីកកំពូលរបស់ឡាវ Lao Toyota FC ដែលអង្គុយចាំ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ព្រ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.