v9

គ្រូវៀតណាម បារម្ភលើចំណុចសំខាន់២ ពេលជួបក្រុមបឹងកេត យប់នេះ

1 month ago​ | ដោយ V-Dara

ពេលវេលានៃការទន្ទឹងរង់ចាំទស្សនា ចំពោះការប្រកួតកាត់សេចក្តីរវាងក្រុមបឹងកេត និងក្រុមលេខ៦លីកកំពូលវៀតណាម Sanna Khanh Hoa កាន់តែខិតចូលមកដល់ហើយ ដោយក្រុមទាំង២ នឹងត្រូវប៉ះគ្នានៅកីឡដ្ឋានជាតិ នាយប់ម៉ោង៧ ថ្ងៃពុធនេះ ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមលីកកំពូលឡាវ Lao Toyota FC ក្នុងពានរង្វាន់ Toyota Mekong Club Championship 2017។

ការបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤-៤ ក្នុងការប្រកួតជើងទី១ នៅលើទឹកដីវៀតណាម វាបានក្លាយជាការដាក់សម្ពាធមួយសម្រាប់ក្រុមបឹងកេត និងក្រុម Sanna ព្រោះក្រុមទាំង២ត្រូវការឈ្នះដូចគ្នា ដើម្បីបញ្ចប់ភាពសង្ស័យ ក្នុងការរកក្រុមឈ្នះឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ ក្រុម Sanna ចាញ់ប្រៀបក្រុមបឹងកេត បន្តិច ព្រោះការស្មើ ៤-៤ កន្លងមក គឺតម្រូវឲ្យពួកគេ ត្រូវការឈ្នះលើបឹងកេត ព្រោះលទ្ធផលស្មើ ១-១ ២-២ ឬ ៣-៣ ក៏ពួកគេត្រូវធ្លាក់ដែរ ខណៈលទ្ធផលស្មើ ៤-៤ ក្រុមទាំង២ត្រូវប្រកួតថែមម៉ោង ប៉ុន្តែបើស្មើគ្នា ៥-៥ ឬលើសពីនេះ នោះក្រុម Sanna ជាអ្នកឡើងទៅវគ្គបន្តវិញ។

ទោះបីជាយ៉ាងណា លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានគិតថា ការប្រកួតលើកនេះ មិនអាចមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនដូចការប្រកួតជើងទី១នោះទេ។ លោកបញ្ជាក់ថា៖ «ការប្រកួតលើកនេះ វាសំខាន់ណាស់ ព្រោះក្រុមទាំង២មានគ្រាប់បាល់ក្នុងដៃដូចគ្នា ហេតុនេះយើងត្រូវការឈ្នះ ដើម្បីបានឡើងទៅវគ្គបន្ត ប៉ុន្តែយើងក៏ត្រូវពង្រឹងតំបន់ការពារបន្ថែមដែរ ព្រោះការប្រកួតជើងទី១ តំបន់នេះមានបញ្ហាច្រើន»។

ដោយឡែក លោក Vo Dinh Tan គ្រូបង្វឹកក្រុម Sanna កំពុងតែមានការបារម្ភទៅលើទីលានសិប្បនិម្មិតនៅពហុកីឡដ្ឋានជាតិ ដែលពួកគេមិនសមទៅនឹងទីលានបែបនេះ ហើយលោកក៏បារម្ភទៅលើបទពិសោធ និងភាពមុតស្រួចនៃខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត ផងដែរ។

លោក Vo Dinh Tan បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «ការលេងទៅលើទីលានដែលក្រុមបឹងកេតធ្វើជាម្ចាស់ផ្ទះ គឺជាការបារម្ភទី១ ហើយការបារម្ភទី២ គឺបឹងកេត ធ្លាប់មានបទពិសោធប្រកួតនៅក្រៅប្រទេសច្រើន ហេតុនេះពួកគេអាចនឹងរៀបចំក្រុមបានល្អ ខណៈតំបន់ខ្សែប្រយុទ្ធរបស់គេលេងបានល្អ ពិសេស Maycon, Omogba និង Gbenga ដែលអ្នកទាំង៣នេះ មានកម្រិតលេងខ្ពស់»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77