v9

គ្រូបឹងកេតថា វត្តមាន ចាន់ វឌ្ឍនាកា នឹងធ្វើឲ្យក្រុមកាន់តែខ្លាំង ពេលជួបក្រុមវៀតណាម ថ្ងៃនេះ

7 months ago​ | ដោយ V-Dara

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានបង្ហាញពីសុទិដ្ឋិនិយមសម្រាប់ក្រុមរបស់លោក ក្នុងការប្រជែងយកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship 2017 សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ ជាមួយក្រុមលេខ៦ លីកកំពូលវៀតណាម Sanna Khanh Hoa នៅពហុកីឡដ្ឋានជាតិ នាយប់ម៉ោង៧ ថ្ងៃពុធនេះ។

ជាមួយក្តីសង្ឃឹម ក្នុងការស្វែងរកជ័យជម្នះ ក្នុងការយកប្រៀបលើក្រុម Sanna ដើម្បីលុបបំផុតចោលភាពសង្ឃឹមជាមួយលទ្ធផលស្មើ ៤-៤ ក្នុងការប្រកួតជើងទី១ នៅលើទឹកដីប្រទេសវៀតណាមនោះ លោក ហៅ សុជាតិ បានគិតថា ការចូលរួមរបស់ខ្សែប្រយុទ្ធទើបវិលត្រឡប់មកពីលេងនៅលីកទី៣ជប៉ុន ចាន់ វឌ្ឍនាកា នឹងធ្វើឲ្យក្រុមបឹងកេត កាន់តែខ្លាំងជាងមុន។

លោក ហៅ សុជាតិ បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ម្សិលមិញថា៖ «ការប្រកួតជើងទី១ គេទាត់ចូលយើងលឿនៗពេក ដែលបង្ហាញឃើញថា យើងនៅមានបញ្ហាផ្នែកតំបន់ការពារ ហេតុនេះយើងត្រូវពង្រឹងតំបន់ការពារបន្ថែម ហើយការចូលរួមរបស់ ចាន់ វឌ្ឍនាកា លើកនេះ ខ្ញុំគិតថា នឹងធ្វើឲ្យក្រុមបឹងកេត កាន់តែខ្លាំងជាងមុន»។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា មិនបានទៅជួយក្រុមបឹងកេត នោះទេ សម្រាប់ការប្រកួតជើងទី១ នៅលើទឹកដីប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ប៉ុន្តែសម្រាប់ការប្រកួតជើងទី២នេះ វឌ្ឍនាកា បានប្រាប់ថា រូបគេបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ជួយក្រុមបឹងកេត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.