v9

ចាន់ វឌ្ឍនាកា ត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមបឹងកេត ពេលប៉ះក្រុមវៀតណាម

4 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធដ៏លេចធ្លោររបស់កម្ពុជា ចាន់ វឌ្ឍនាកា បានប្រាប់ថា រូបគេបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការជួយក្រុមបឹងកេត សម្រាប់ការប្រកួតកាត់ចេសក្តីជើងទី២ជាមួយក្រុមលេខ៦លីកកំពូលវៀតណាម Sanna Khanh Hoa នៃពានរង្វាន់ Toyota Mekong Club Championship 2017 នៅពហុកីឡដ្ឋានជាតិ នាយប់ម៉ោង ៧ ថ្ងៃពុធ ស្អែកនេះ។

ចាន់ វឌ្ឍនាកា ដែលទើបបញ្ចប់ការខ្ចីជើងលេងនៅលីកទី៣របស់ជប៉ុន បាននិយាយក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃអង្គារ នេះថា៖ «សម្រាប់រូបខ្ញុំផ្ទាល់ គឺខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ខ្ញុំបានចូលរួមហ្វឹកហាត់ជាមួយក្រុមបឹងកេត ដោយយើងបានរៀបចំខ្លួនជាក្រុមបានល្អ ហើយខ្ញុំគិតថា ការប្រកួតនៅថ្ងៃស្អែក នឹងមានអ្នកចូលរួមច្រើនកុះករពីអ្នកគាំទ្រ»។

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនបានចូលរួមជួយក្រុមបឹងកេត ក្នុងការប្រកួតជើងទី១ ជាមួយក្រុម Sanna Khanh Hoa នៅលើទឹកដីប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍នោះទេ ដោយក្នុងប្រកួតនោះ ក្រុមទាំង២បានស្មើ ៤-៤ ហើយលទ្ធផលនោះ វាតម្រូវឲ្យក្រុមបឹងកេត និងក្រុម Sanna ត្រូវការឈ្នះដូចគ្នា ក្នុងការប្រកួតជើងទី២នេះ ដើម្បីបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅពេលរំឭកដល់ការប្រកួតជើងទី១នោះ ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា៖ «ការប្រកួតជើងទី១ មានការប្រកួតប្រជែងខ្លាំង ដោយសារមានការរកបានគ្រាប់បាល់បាន៤គ្រាប់ដូចគ្នា គឺមាន័យថា គេអាចស៊ុតក្រុមយើងចូល៤គ្រាប់ អ៊ីចឹងការប្រកួតនៅទីនេះ ក៏គេអាចស៊ុតបញ្ចូលទីយើងបានច្រើនដែរ ដូច្នេះពួកយើង បានព្យាយាម និងយកចិត្តទុកដាក់ខ្លាំង សម្រាប់ការប្រកួតនៅថ្ងៃស្អែក»។

ចំណែកខ្សែការពារជនជាតិបារាំង Chaher Zarour ដែលទើបមកចូលរួមជាមួយក្រុម Sanna Khanh Hoa មានសង្ឃឹមទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះក្រុមបឹងកេត លើកនេះ។ អតីតីកីឡាកររបស់ក្រុម Paris , Cannes និង Dijon រូបនេះបាននិយាយថា៖ «ខ្ញុំគិតថា ការប្រកួតនៅថ្ងៃស្អែក នឹងមានការលំបាក ប៉ុន្តែពួកយើងមកទីនេះ ដើម្បីស្វែងរកជ័យជម្នះ»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77